ការងារជួសជុលពង្រឹងខឿនជណ្តើរ និងបង្កាន់ដៃនាគផ្នែកខាងលិច នៃជណ្តើរកណ្តាល ខាងត្បូងប្រាសាទអង្គរវត្ត ត្រូវបានបញ្ចប់ជាស្ថាពរ បន្ទាប់ពីចំណាយពេលអស់ ៣ខែ!


សៀមរាប៖ បើយោងតាមព័ត៌មាន ដែលទទួលបានតាមរយៈ ហ្វេសបុកផេកផ្លូវការ របស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី ២៦ សីហា បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុល ការពង្រឹងខឿនជណ្ដើរ និងបង្កាន់ដៃនាគ ផ្នែកខាងលិចនៃជណ្ដើរកណ្ដាល ខាងត្បូងប្រាសាទអង្គរវត្តហើយ បន្ទាប់ពីចាប់ផ្តើមជួសជុលពីខែឧសភា មក។

ក្នុងនោះដែរ លោក សយ សុភារិន្ទ ដែលជាបុរាណវិទូ ទទួលបន្ទុកការងារនេះ បានរំលឹកផងថា ចំពោះទីតាំងនេះ មុនពេលជួសជុល គឺខឿនជណ្ដើរនាគស្រុត ថ្មហែកញែកចេញពីគ្នា ធ្វើឱ្យនាគមានជំហរ មិននឹងជាដើម។ សម្រាប់ដំណាក់កាលដំបូង ក្រុមការងារអាជ្ញាធរជាតិអប្សរា បានជួសជុលពង្រឹងខឿនឡើងវិញ បន្ទាប់មកបានជួសជុលនាគ ឱ្យមានជំហរនិងលំនឹងដូចដើមវិញ។

យោងតាម ការបញ្ជាក់ពីលោក សយ សុភារិន្ទ ការងារខាងលើនេះ ត្រូវបានចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា និងបញ្ចប់ទាំងស្រុងនៅថ្ងៃទី១៥ ខែសីហា គឺប្រើពេល៣ខែ គត់តែម្តង។

បុរាណវិទូរូបនេះរំពឹងថា ទីតាំងនេះនឹងមានភាពរឹងមាំ និងសម្រួលដល់ ការទស្សនារបស់ភ្ញៀវទេសចរ តទៅអនាគត ដោយមិនបារម្ភពីហានិភ័យ នៃការដួលរលំចម្លាក់នាគបន្តទៀតទេ ព្រោះការជួសជុលអ្នកជំនាញបាន ប្រើបច្ចេកទេសត្រឹមត្រូវ បិទពង្រឹងដងខ្លួននាគ ក៏ដូចជាជើងទម្រឱ្យរឹងមាំ ដូចសភាពដើមវិញហើយ។

យ៉ាងណា ក្រៅពីទីតាំងខាងលើនេះ អាជ្ញាធរជាតិអប្សរា កំពុងសិក្សានៅតាម ចំណុចផ្សេងៗទៀតដើម្បីលើកគម្រោង ជួសជុលទៅអនាគត សំដៅធ្វើយ៉ាងណាអភិរក្ស ជួសជុលបុរាណវត្ថុនានា ឱ្យល្អប្រសើរឡើងវិញ។

ប្រភពពី អាជ្ញាធរជាតិអប្សរា