ខេត្តកំពត និងមាននាឡិកាយក្ស សម្រាប់ទាក់ទាញភ្ញៀវទេសចរ


នាឡិកាយក្ស ធំបំផុតនៅកម្ពុជា សម្រេចការងារតម្លើងបានប្រមាណ ៨០% មកហើយ ដោយត្រៀមនឹងបញ្ចប់ នៅរយៈពេលដ៏ខ្លីខាងមុខ សម្រាប់ជាទីតាំងថ្មីបន្ថែមមួយទៀត អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនានិងថតរូបលេងកម្សាន្ដ បន្ទាប់ពីរូបសំណាកសេះសមុទ្របាញ់ទឹក នៅព្រែកកំពត ក្រុងកំពត ខេត្តកំពត។

យោងតាម លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បង្ហាញថា គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារវិស្វករ តម្លើងនាឡិកាយក្សនៅខេត្តកំពត សម្រេចការងារជើងទ្រនាឡិកា បានប្រមាណ ៨០% ដោយត្រៀមនឹងបញ្ចប់ នៅត្រឹមចុងខែសីហានេះ។ នាឡិកាយក្សនេះ ស្ថិតនៅក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ដោយនាឡិកា មានកម្ពស់ ៣៥ ម៉ែត្រ ជានាឡិកាខ្ពស់ជាងគេបំផុតនៅកម្ពុជា និងមានអង្គត់ផ្ចិត ៩,៧ ម៉ែត្រ ដែលមានដាក់លេខខ្មែរ ជាមួយរចនាបថបែបខ្មែរ។

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បង្ហាញថា ទិសដៅរបស់រាជរដ្ឋាភិបាល គឺពង្រឹងការអភិវឌ្ឍន៍ ផលិតផលទេសចរណ៍ នៅខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជាពិសេសនៅខេត្តកំពត ដើម្បីស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ដ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បំពាក់ភ្លើងពណ៌នៅតាមទីសាធារណៈ បង្កើតកន្លែងកម្សាន្ដថ្មីៗ និងការគ្រប់គ្រងសណ្ដាប់ធ្នាប់ អនាម័យទីក្រុងជាដើម។ ឯកឧត្តម អភិបាលខេត្ត ក៏បានបង្ហើបពី គម្រោងបង្កើតឆ្នេរកម្សាន្ដថ្មីមួយទៀត និងការសាងសង់ ស្ពានឆ្លងព្រែកកំពង់បាយ ថ្មីបន្ថែមទៀតសម្រាប់ សម្រួលការធ្វើដំណើរផងដែរ។

នាឡិកាយក្ស នៅក្រុងកំពត រំពឹងនឹងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ដ កាន់តែច្រើនឡើងនៅរយៈពេល ២ ខែក្រោយ ស្របពេលដែលខេត្តកំពត នឹងរៀបចំព្រឹត្តិការណ៍ធំៗចំនួន ៣ នៅចុងឆ្នាំ២០២៤ នេះដូចជា ពិធីបុណ្យអុំទូក បុណ្យសមុទ្រ និងបុណ្យឆ្លងឆ្នាំសកល។