គម្រោងតំបន់សេដ្ឋកិច្ចពិសេសថ្មី ទំហំ ៣២ ហិកតា គ្រោងនឹងបង្កើតនៅស្រុកបាទី ខេត្តតាកែវ


សមាគមពាណិជ្ជកម្មចិនឆោសាន មានបំណងចង់វិនិយោគ បង្កើតតំបន់សេដ្ឋកិច្ចពិសេស លើផ្ទៃដីទំហំ ៣២ ហិកតា ក្នុងស្រុកបាទី ខេត្តតាកែវ ដើម្បីត្រៀមទាក់ទាញវិនិយោគិនបន្ថែមទៀត មកបណ្ដាក់ទុននៅខេត្តតាកែវ ដែលនឹងរួមចំណែក កាត់បន្ថយការធ្វើចំណាកស្រុក បង្កើតការងារជូនប្រជាពលរដ្ឋ ក្នុងតំបន់កាន់តែច្រើនឡើង។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានស្វាគមន៍ និងប្រកាសគាំទ្រយ៉ាងពេញទំហឹង ទៅលើគម្រោងអភិវឌ្ឍខាងលើនេះ ដោយត្រៀមខ្លួនជានិច្ចក្នុងការជួយជ្រោមជ្រែង សម្របសម្រួល និងសហការការងារជាមួយ ក្រុមអ្នកវិនិយោគ ចំណែក លោកឧកញ៉ា តាំង លាក់ហាវ ប្រធានសមាគមពាណិជ្ជកម្មចិនឆោសាន សន្យានឹងជួយកៀរគរ វិនិយោគិនឱ្យមកបើករោងចក្រ ឧស្សាហកម្ម កាន់តែច្រើនថែមទៀត នៅទឹកដីខេត្តតាកែវ ដើម្បីបង្កើតការងារ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ នៅក្នុងតំបន់ស្រុកបាទី ខេត្តតាកែវ។

ឯកឧត្តម អភិបាលខេត្តបានបង្ហាញថា ខេត្តតាកែវ ជាទីតាំងភូមិសាស្ត្រអំណោយផល មានលក្ខណៈល្អប្រសើរបំផុតសម្រាប់ ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងភស្ដុភារ ខេត្តនេះចំណាយពេលបើកបរត្រឹមតែ ១ ម៉ោងប៉ុណ្ណោះពីរាជធានីភ្នំពេញ និង ២ ម៉ោងពីខេត្តព្រះសីហនុ អាចធ្វើដំណើរតាមផ្លូវជាតិសំខាន់ៗលេខ២ និងលេខ៣ មានផ្លូវរថភ្លើងឆ្លងកាត់ មានផ្លូវតភ្ជាប់ទៅកាន់ ច្រកព្រំដែនអន្តរជាតិ ជាពិសេសទៀត ខេត្តនេះក៏ស្ថិតនៅតាម បណ្ដោយតម្រាយផ្លូវគម្រោងព្រែកជីកហ្វូណនតេជោ ទៀតផង។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៦ កំពុងដំណើរការ ដែលមានរោងចក្រ សហគ្រាស ឧស្សាហកម្ម សរុបចំនួន ៧៤៥ គម្រោងកំពុងប្រតិបត្តិការ ហើយនៅក្នុងខេត្តតាកែវ មានតំបន់សេដ្ឋកិច្ចពិសេស ១ កន្លែងគឺ តំបន់សេដ្ឋកិច្ចពិសេស ដួង ឈីវ ស្ថិតនៅស្រុកគិរីវង់ ស្ថិតនៅជិតព្រំដែនអន្តរជាតិភ្នំដិន ដែលមានផ្ទៃដី ៧៩ ហិកតា។