(ភ្នំពេញ)៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិកា ៥០ម៉ឺនដុល្លារ ខណៈបុគ្គលិកគ្រប់ជាន់ថ្នាក់ ក៏បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន យ៉ាងផុសផុលដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើ ការកសាងផ្លូវក្រវាត់ព្រំដែន ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញ ការអភិវឌ្ឍ នៅតាមតំបន់ព្រំដែន ឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
ក្នុងនាមជាឈាមជ័រខ្មែរតែមួយ ដូចទៅនឹងបងប្អូនពលរដ្ឋខ្មែរទូទៅដែរ នេះជាការឆ្លើយតបរបស់ ប៉េង ហួត គ្រុប ក៏ដូចជាបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ ប៉េង ហួត គ្រុប ទៅនឹង សេចក្តីប្រកាស ថ្លែងការពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទាក់ទិននឹង មូលនិធិមហាសាមគ្គីភាព រវាងប្រជាជាតិខ្មែរ និងរាជរដ្ឋាភិបាល ក្នុងការសម្រេចបាននូវលទ្ធផលរួម ជាប្រយោជន៍ សម្រាប់ការ ការពារសន្តិសុខជាតិ និងបូរណភាពដី។
ស្របតាមសសរស្តម្ភទាំង៣ របស់ ប៉េង ហួត គ្រុប ពោលគឺ “ការអប់រំ បរិស្ថាន និងសង្គម” ដែលការបរិច្ចាគនេះក៏ជា ការងារសង្គមនៃបង្គោលទី៣ រួមមានដូចជាការ កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពាន ការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងយោធិនពិការ ការសាងសង់វត្តអារាម ការសាងសង់សាលារៀន និងការបរិច្ចាគថវិកាសាងសង់ មន្ទីរពេទ្យកាល់ម៉ែត។ល៕