គិតត្រឹមថ្ងៃទី ២៧សីហា នេះ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដំណាក់កាលទី១ សម្រេចការសាងសង់បានប្រមាណ ៨២% និងចំណាយអស់ខ្ទង់ ១,២ ពាន់លានដុល្លារហើយ!


ភ្នំពេញ៖ បើយោងតាមព័ត៌មាន ដែលទទួលបានពី បណ្តាញព័ត៌មានក្នុងស្រុក AMS Central នាពេលថ្មីៗនេះ បានឲ្យដឹងថា គម្រោងសាងសង់ អាកាសយានដ្ឋាន អន្តរជាតិតេជោក្រុងតាខ្មៅ លំដាប់ថ្នាក់ 4F ដែលមានតម្លៃ ១៥០០លានដុល្លារ ក្នុងដំណាក់កាលទី១ សម្រេចការសាងសង់បានប្រមាណ ៨២%ហើយ បើគិតមកត្រឹមថ្ងៃទី ២៧សីហា ឆ្នាំ២០២៤ នេះ។

ប្រភពដដែលក៏បានបង្ហាញថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានប្រាប់ឲ្យដឹងថា បើគិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចបានប្រមាណ ៨២% ហើយ និងនៅសល់ ១៨% ទៀត អាចនឹងត្រូវបញ្ចប់រួចរាល់ នៅក្នុងខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ មានប្រសាសន៍បន្តថា  “ការងារដែលបានសាងសង់រួចរាល់ ១០០%  រួមមានប៉មត្រួតពិនិត្យ ចរាចរណ៍ផ្លូវអាកាស ទីលានចតយន្តហោះ សម្រេចបានជាង៩០% ដោយឡែកមជ្ឈមណ្ឌល ផ្គត់ផ្គង់ថាមពលរួចរាល់បាន ៨៥% និងការសាងសង់ ស្ថានីយអ្នកដំណើរសម្រេចបាន ៨៦% ផងដែរ។ សំណង់ដែលសម្រេចបានទាំងអស់នេះ ត្រូវបានចំណាយថវិការអស់ខ្ទង់ ១២០០ លានដុល្លារនៃថវិការសរុប ១៥០០លានដុល្លារ ខណៈគម្រោងនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC)។”

ក្រោយការងារសំណង់បញ្ចប់ជាស្ថាពរ នៅខែតុលាខាងមុខនេះ អាកាសយានដ្ឋាន ក៏គ្រោងនឹងបំពាក់ដោយ គ្រឿងបរិក្ខារបច្ចេកទេស និងបច្ចេកវិទ្យា ដើម្បីត្រៀមបើកដំណើរការ នៅចុងឆមាសទី១ នៃឆ្នាំ២០២៥ ខាងមុខ។

គួររម្លឹកឲ្យដឹងដែរថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុន បណ្តាក់ទុនរួមគ្នារវាង រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិ តេជោក្រុងតាខ្មៅ នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២.៦០០ហិចតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រ ពីភាគខាងត្បូងរាជធានីភ្នំពេញ។

គូសសម្គាល់បន្ថែមថា អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ គឺជាប្រភេទ 4F ជាប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងទាញយក ក៏ដូចជាទទួលបាន ការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឱ្យប្រភេទយន្តហោះ ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគគម្រោង ក៏បានបង្ហាញពីមហិច្ឆិតាអភិវឌ្ឍន៍ វាជាព្រលានយន្តហោះថ្មីនេះ ឱ្យធំ និងទំនើបជាងគេ នៅតំបន់អាស៊ីផងដែរ។