កម្ពុជា ផ្តល់ជូនពលរដ្ឋ ដោយឥតគិតថ្លៃគ្រប់សព្វ សម្រាប់ដំណើរទស្សនកិច្ចទិសឦសាន ដែលនឹងចាប់ផ្តើមនៅថ្ងៃ ៧កញ្ញាខាងមុខ (១លើកផ្តល់ជូន ២០០នាក់) ដោយបើកការចុះឈ្មោះ ចាប់ពីឥឡូវនេះតទៅហើយ!


ភ្នំពេញ៖ បើយោងតាមព័ត៌មានច្បាស់ការ ដែលទទួលបាន នៅថ្ងៃ ៣១ សីហានេះ ពីក្រសួងព័ត៌មាន បានឲ្យដឹងថារាជរដ្ឋាភិបាល នឹងរៀបចំ នាំប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ធ្វើដំណើរទស្សនកិច្ច នៅតំបន់ទិសឦសាន ដោយមិនគិតថ្លៃ ហើយសម្រាប់កាលបរិច្ឆេទ ចាប់ផ្តើមលើកដំបូង គឺសម្រេចនៅថ្ងៃទី ៧កញ្ញាខាងមុខនេះហើយ។

ក្នុងនាមជាអ្នកសម្របសម្រួល ក្រសួងព័ត៌មាន បានប្រកាសជូនសាធារណជន និងប្រជាជនកម្ពុជា ទួទាំងប្រទេសឲ្យដឹងថា “ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ” នឹងធ្វើឡើង នៅរៀងរាល់ថ្ងៃសៅរ៍ ដោយចាប់ផ្តើមពី ថ្ងៃទី ៧កញ្ញា និងបន្តរហូតដល់ដំណាច់ឆ្នាំ ២០២៤ នេះ ដើម្បីក្នុងគោលបំណងផ្តល់ឱកាស ឲ្យប្រជាពលរដ្ឋ បានឃើញជាក់ស្តែងដោយផ្ទាល់ នូវការអភិវឌ្ឍតាមតំបន់ព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួម របស់ប្រជាជននៅតាម តំបន់ព្រំដែន។

សម្រាប់ដំណើរទស្សនកិច្ចលើកទី១ នេះ គឺនឹងចាប់ផ្តើមធ្វើដំណើរទៅកាន់ តំបន់បណ្តោយព្រំដែន “ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី” ហើយដោយមិនគិតថ្លៃគ្រប់សព្វ សម្រាប់ប្រជាពលរដ្ឋដែលបានចូលរួម ក្នុងដំណើរទស្សនកិច្ចនេះ ដោយរាល់ការចំណាយ គឺត្រូវបានឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងការចូលរួមឧបត្ថម្ភដោយ សប្បុរសជនទូទៅ ដោយមិនប៉ះពាល់ដល់ថវិការដ្ឋ ឬមូលនិធិកសាងហេដ្ឋរចនាសម្ព័ន្ធតាមព្រំដែន នោះទេ។

ដើម្បីអាចចូលរួមដំណើរទស្សនកិច្ចនេះបាន គឺតម្រូវឲ្យប្រជាពលរដ្ឋ សាធារណជន ធ្វើការចុះឈ្មោះជាមុនសិន។

១/ ការចុះឈ្មោះ

- នឹងរៀបចំជូនអ្នកចូលរួម ២០០ នាក់ ក្នុងដំណើរទស្សនកិច្ចមួយលើក
- អាចចុះឈ្មោះបាន សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន អាចចុះឈ្មោះជាបុគ្គល ឬជាក្រុមបាន
- អនុវត្តស្របតាមគោលការណ៍ “មកមុន ទទួលបានមុន”
- ដើម្បីចុះឈ្មោះអនឡាញ សូមធ្វើការស្កេន QR Code (ដែលមានភ្ជាប់ក្នុងរូបភាព)

២/ រយៈពេលដំណើរទស្សនកិច្ច៖ ចំនួន ១ ថ្ងៃ

- ចេញដំណើរទៅខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី
- ចាប់ផ្តើមចេញដំណើរនៅម៉ោង ៤ ព្រឹកទាបភ្លឺ និងត្រឡប់មកវិញ នៅម៉ោង ៤ ល្ងាច
- ទីកន្លែងជួបជុំ នឹងត្រូវបានកំណត់ជាក់ស្តែង

សម្រាប់ការផ្តល់ជូនដោយឥតគិតថ្លៃ គឺមធ្យោបាយដឹកជញ្ជូនរួម ទាំងទៅទាំងមក ផ្តល់ជូនអាហារ ៣ពេល និងភេសជ្ជៈ ក្នុងអំឡុងពេលធ្វើដំណើរកម្សាន្ត។

ក្រុមការងារគម្រោង នឹងទាក់ទងទៅកាន់សាធារណជន ដែលត្រូវបានជ្រើសរើស ជាអ្នកចូលរូម ដើម្បីជូនដំណឹង និងត្រៀមលក្ខណៈសម្រាប់ការធ្វើដំណើរ។

បន្ថែមពីនេះ មុននឹងចេញដំណើរទស្សនកិច្ច អ្នកចូលរូមទាំងអស់ ក៏នឹងត្រូវបានអញ្ជើញ មកស្តាប់បទបង្ហាញ ដែលរៀបចំឡើងដោយមន្ត្រីជំនាញ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ផងដែរ។

 

ប្រភពី ក្រសួងព័ត៌មាន (នាយកដ្ឋានព័ត៌មាន)