កម្ពុជា សម្រេចកាត់ ឃុំចំនួន ៥ ចេញពីស្រុកព្រៃនប់ ដើម្បីបង្កើតជា ក្រុងកំពង់សោម ដែលរដ្ឋបាលក្រុងថ្មីនេះ នឹងស្ថិតក្នុងឃុំរាម!


ព្រះសីហនុ៖ បើយោងតាមអនុក្រឹត្យចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាសម្រេច បង្កើតក្រុងកំពង់សោមថ្មី ក្នុងខេត្តព្រះសីហនុ ដោយដកយកឃុំចំនួន ៥ ចេញពីស្រុកព្រៃនប់។ ជាក់ស្តែង ឃុំទាំង៥ នោះរួមមានដូចជា ឃុំរាម ឃុំបិតត្រាំង អូរឧកញ៉ាហេង បឹងតាព្រហ្ម និងអូរជ្រៅ។

ស្របគ្នានេះដែរ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងអនុក្រឹត្យយ៉ាងច្បាស់ដែរថា ទីតាំងរដ្ឋបាលក្រុងកំពង់សោមថ្មី នឹងត្រូវស្ថិតក្នុងសង្កាត់រាម។ ចំពោះរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងសាលាក្រុងកំពង់សោម ត្រូវគោរពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ដែលមានទាំងឡាយ។

បន្ថែមពីនេះដែរ ក្រុមប្រឹក្សាស្រុកព្រៃនប់ និងគណៈអភិបាលស្រុកព្រៃនប់ ត្រូវបន្តគ្រប់គ្រងឃុំទាំង៥ រហូតដល់មានក្រុមប្រឹក្សាក្រុងកំពង់សោម និងគណៈអភិបាលក្រុងកំពង់សោម ត្រូវបានបង្កើតថ្មីមកជំនួស។

គួរជម្រាបជូនថា ខេត្តព្រះសីហនុបច្ចុប្បន្ន បច្ចុប្បន្នត្រូវបានបែងចែកជាពីរក្រុង និងស្រុកចំនួនបី។ ក្រុងទាំងពីរគឺក្រុងព្រះសីហនុ និងកោះរ៉ុង ចំណែកស្រុកចំនួនបី គឺស្រុកព្រៃនប់ កំពង់សិលា និងស្ទឹងហាវ។ ទន្ទឹមជាមួយនឹង ការបង្កើតក្រុងកំពង់សោម នាពេលឆាប់ៗខាងមុខនេះ ខេត្តនឹងមានក្រុងថ្មីមួយ បន្ថែមទៀត ដែលជាក្រុងទី៣ នៅក្នុងខេត្តព្រះសីហនុ ផងដែរ។

 

ប្រភពី រដ្ឋបាលខេត្តព្រះសីហនុ