ក្នុងរយៈពេល ៨ ខែនៃឆ្នាំ២០២៤ គ្រឹះស្ថានអង្គរ បានរកចំណូលពីការលក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ បានប្រមាណខ្ទង់ ៣០ លានដុល្លារ ពីភ្ញៀវទេសចរបរទេសជាង ៦៥ ម៉ឺននាក់!


សៀមរាប៖ រយៈពេល៨ខែក្នុងឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរបានប្រមូលថវិកា ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ សរុបមានចំនួន ៣០ ៣៣៤ ២២៩ ដុល្លារ កើនឡើងជាង ៣១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន នេះបើយោងតាម របាយការណ៍របស់ គ្រឹះស្ថានអង្គរ ដែលបានចេញផ្សាយ នៅថ្ងៃទី ១ កញ្ញានេះ។

របាយការណ៍ដដែល ក៏បានបង្ហាញថា ភ្ញៀវទេសចរបរទេស ដែលចូលមកទិញសំបុត្រចូលទស្សនា តំបន់អង្គររយពេល៨ខែនេះ មានចំនួន ៦៥១ ៨៥៧នាក់ កើនឡើងជាង ៣០% ធៀបនឹងឆ្នាំមុន ហើយគិតជាថវិកាស្មើនឹង ៣០ ៣៣៤ ២២៩ ដុល្លារអាមេរិក។

ដោយឡែក បើគិតតែក្នុងខែសីហា ភ្ញៀវទេសចរ ៦៧ ៤៨២នាក់ ចូលទិញសំបុត្រ គិតជាទឹកប្រាក់ស្មើនឹង ៣ ១៥៦ ៧៩៩ ដុល្លារអាមេរិកផងដែរ។

ស្របគ្នានេះដែរ គ្រឹះស្ថានអង្គរ ក៏បានរាយការណ៍ពី ការឧបត្ថម្ភថវិកាជូន មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងនោះរយៈពេល៨ខែនេះ បានដកថវិកាតាមសំបុត្រមួយៗ ដល់មូលនិធិនេះសរុបចំនួន ១ ៣០៣ ៧១៤ដុល្លារអាមេរិក។

 

ប្រភពពី គ្រឹះស្ថានអង្គរ