ការវិនិយោគលើវិស័យសំណង់ របស់កម្ពុជា ក្នុងឆមាសទី១ នៃឆ្នាំនេះ មានតម្លៃ ២,៥៣ ពាន់លានដុល្លារ ធ្លាក់ចុះ ៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន!


ភ្នំពេញ៖ វិស័យសំណង់របស់កម្ពុជា បានទាក់ទាញការវិនិយោគសរុបចំនួន ២,៥៣ ពាន់លានដុល្លារអាមេរិក នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ធ្លាក់ចុះ ៨% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន នេះបើយោងតាម របាយការណ៍របស់រាជរដ្ឋាភិបាល បានបង្ហាញឲ្យដឹងកាលពីថ្ងៃ ៣១ សីហាកន្លងទៅនេះ។

ជាក់ស្តែង របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណដល់ គម្រោងសាងសង់ចំនួន ១ ៦៤២ ក្នុងអំឡុងខែមករា ដល់ខែមិថុនា ដែលធ្លាក់ចុះ ១១% ធៀបនឹងឆ្នាំមុន។

ស្របគ្នានេះដែរ របាយការណ៍ដដែល ក៏បានបន្តថា គម្រោងដែលបានអនុម័ត រួមមានទីប្រជុំជនថ្មី ការអភិវឌ្ឍលំនៅដ្ឋាន ខុនដូ តំបន់ឧស្សាហកម្ម និងពាណិជ្ជកម្ម រមណីយដ្ឋានទេសចរណ៍ និងសណ្ឋាគារ ជាដើម។

គួរបញ្ជាក់ដែរថា វិស័យសំណង់ និងអចលនទ្រព្យ គឺជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភទាំងបួន ដែលជួយដល់សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា បន្ថែមលើការនាំចេញ សម្លៀកបំពាក់ ស្បែកជើង និងការនាំចេញទំនិញធ្វើដំណើរ ទេសចរណ៍ និងកសិកម្ម ផងដែរ។

ដោយឡែក ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករណ៍ថា វិស័យសំណង់ និងអចលនវត្ថុ នឹងឃើញមានកំណើនយឺត នៅឆ្នាំ២០២៤ នេះ។

“វិស័យសំណង់របស់កម្ពុជា អាចស្ទុះងើបឡើងវិញយឺត ដោយកំណើនមានសក្តានុពលធ្លាក់ចុះតិចតួច នៃកម្រិតមុនការរាតត្បាត ដោយសារការធ្លាក់ចុះនៃអចលនទ្រព្យយូរ។” នេះបើតាមសម្តី ប្រធានសេដ្ឋវិទូនៃការិយាល័យស្រាវជ្រាវ ម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ លោក Hoe Ee Khor

យ៉ាងណា សេដ្ឋវិទូរូបនេះ ក៏បានលើកឡើងថា ការជម្រុញការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធនឹងអាចប៉ះប៉ូវ ផ្នែកខ្លះនៃភាពទន់ខ្សោយ នៅក្នុងវិស័យអចលនទ្រព្យនេះ។