ត្បូងឃ្មុំ៖ យោងតាមហ្វេសបុកផេកផ្លូវការ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី ២ កញ្ញាកកន្លងទៅ បានលើកឡើងពីសារៈសំខាន់ នៃស្ពានសាងសង់ថ្មី ដែលត្រូវបានស្គាល់ថាជា ស្ពានអណ្តោត។
ប្រភពព័ត៌មានដដែល បានគូសបង្ហាញថា ស្ពានអណ្តោត ត្រូវបានកសាងឡើង ជំនួសឱ្យស្ពានចាស់ ដែលមានកម្ពស់ទាប និងមានប្រវែងប្រហែល ត្រឹមជាង ១០ម៉ែត្រ ប៉ុណ្ណោះ។
ស្ពានថ្មីនេះ ត្រូវបានកសាងឡើង ដើម្បីភ្ជាប់ពីស្រុកក្រូចឆ្មារ ឆ្ពោះទៅកាន់ទីរួមស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលវាបានជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសនាពេលកម្ពស់ទឹកឡើងខ្ពស់ នារដូវវស្សា។
បន្ថែមពីនេះដែរ តំបន់ស្រុកក្រូចឆ្មារ និងស្រុកតំបែរ គឺជាតំបន់ពោរពេញទៅដោយ ដំណាំកសិឧស្សាហកម្ម ដែលស្ពាននេះ ក៏បានក្លាយជាមធ្យោបាយ ដ៏មានសារៈប្រយោជន៍ ក្នុងការដឹកជញ្ជូនកសិផល របស់បងប្អូនខ្មែរយើងក្នុងមូលដ្ឋាន សម្រាប់ធ្វើការលក់ទៅកាន់ទីផ្សារ ដោយធ្វើដំណើរឆ្ពោះចេញ ទៅផ្លូវជាតិលេខ៧១C តទៅស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងឆ្ពោះទៅភូមិភាគកណ្តាល នៃប្រទេសកម្ពុជា ផងដែរ។