វឌ្ឍនភាពនៃគម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» គិតមកដល់ពេលបច្ចុប្បន្ន សម្រេចបានជារួម ៤៤,៣១%


ភ្នំពេញ៖ បើយោងតាមព័ត៌មានដែលទទួលបាន តាមរយៈហ្វេសបុកផេកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃ ៣ កញ្ញានេះ បានបង្ហាញឲ្យដឹងពីវឌ្ឍនភាពនៃ គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» គិតមកដល់ពេលបច្ចុប្បន្ន សម្រេចបានប្រមាណ ៤៤,៣១%

ប្រភពដដែលបានគូសបញ្ជាក់ផងថា គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» នេះ មានហេដ្ឋារចនាសម្ព័ន្ធដូចជា៖

ទី១/ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង ១ ៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ

ហើយទី២/ ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ មានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ ដោយគ្រោងបញ្ចប់ ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវ និងស្ពានខេត្តក្រចេះនេះ នឹងជម្រុញអោយតំបន់នោះ មានសន្ទុះកើនឡើងនូវ សកម្មភាពដឹកជញ្ជូន ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងជម្រុញ ការអភិវឌ្ឍវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ លើសពីនេះ ក៏ជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សទៅសាលារៀន និងមន្ទីរពេទ្យ មកកាន់ក្រុងក្រចេះ បានយ៉ាងរហ័ស និងសុវត្ថិភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានគូសបញ្ជាក់ឲ្យដឹងដែរថា ផ្លូវ-ស្ពាន គឺជាសរសៃឈាមនៃ សេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឺះទាំង៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» នៃយុទ្ធសាស្ត្របញ្ចាកោន ដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចាកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្ដោតលើការបន្ដកសាង និងពង្រឹងមូលដ្ឋានគ្រឹះ តាមរយៈការបង្កើនប្រសិទ្ធភាព ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង ព្រមទាំងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។

គួររម្លឹកដែរថា គម្រោងសាងសង់ស្ពានខេត្តក្រចេះ ត្រូវបានរដ្ឋាភិបាលចិន ផ្ដល់ជំនួយថវិកាសាងសង់ប្រមាណ ១១៤ លានដុល្លារ ដោយអនុវត្តការសាងសង់ ដោយក្រុមហ៊ុនសំណង់សៀងហៃ និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន។

ប្រភពពី ហ្វេសបុកផេក សម្តេចធិបតី នាយករដ្ឋមន្ត្រី