កំពត៖ ខេត្តកំពតបាននឹង កំពុងក្លាយជាមេដែក ទាក់ទាញភ្ញៀវទេសចរ ដោយសារចំណុចទាក់ទាញចំនួនពីរ នៃរូបសំណាកសេះសមុទ្រ ដែលគេនិយមហៅថា ‘Singapot’ និង ‘នាឡិកាយក្ស’ ដែលទើបតែសាងសង់រួច និងដាក់សម្ពោធជាផ្លូវការ នាពេលថ្មីៗនេះកន្លងមក។ បើទោះបីជាអាកាសធាតុ មិនជាសូវអំណោយផល នាពេលថ្មីៗនេះក៏ដោយ តែកំណើនទេសចរណ៍ នៅតែមានចំនួនកើនឡើង នៅក្នុងខេត្តកំពត។
ជាក់ស្តែង សប្តាហ៍ចុងក្រោយនៃខែសីហា គេឃើញមានការកើនឡើង គួរឱ្យកត់សម្គាល់នៃចំនួន ភ្ញៀវទេសចរទៅកាន់ខេត្តកំពត បើប្រៀបធៀបទៅនឹងសប្តាហ៍កន្លងទៅ។ ចន្លោះថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ចំនួនភ្ញៀវទេសចរ មកលេងខេត្តកំពតមានចំនួន ៤៣ ៨៤០នាក់ នេះបើតាមការបង្ហើបឲ្យដឹងពី លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។ លោកបានប៉ាន់ប្រមាណថា ក្នុងឆ្នាំនេះចំនួនភ្ញៀវទេសចរ អាចនឹងកើនឡើង ក្នុងចំនួនប្រមាណ ១,៦ លាននាក់។
ដូចគ្នានេះដែរ នាឡិកាយក្សគឺជាការទាក់ទាញថ្មីបំផុត ដែលបង្ហាញដោយខេត្តកំពត កាលពីចុងខែសីហានេះ។ នាឡិកានេះដែរ ត្រូវបានសាងសង់ឡើងក្នុងរចនាបថខ្មែរ មានមុខទំហំ ៩,៧ ម៉ែត្រ និងមានកម្ពស់ ៣៥ ម៉ែត្រ។ គួររម្លឹកដែរថា នាឡិកាធំនិងខ្ពស់ជាងគេ ក្នុងប្រទេសកម្ពុជានេះ ត្រូវបានសម្ពោធកាលពីថ្ងៃទី២២ សីហា កន្លងទៅ ដោយ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។
ដោយឡែក រូបសំណាកសេះសមុទ្រ ដែលសព្វថ្ងៃគេនិយមហៅថា ‘Singapot’ ទទួលបានការចាប់អារម្មណ៍ខ្លាំង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងឆ្នាំនេះកន្លងទៅ។ វាត្រូវបានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១០ ខែមេសាកន្លងទៅ ដោយរូបសំណាកសេះសមុទ្រ បាញ់ទឹកចូលសមុទ្រកំពត ត្រូវបានឈរត្រដែត នៅក្នុងសួនច្បារមុខសាលាខេត្តចាស់។
មិនតែប៉ុណ្ណោះ ក៏មានភ្លើងចម្រុះពណ៌ ដែលត្រូវបានតុបតែងលម្អ បង្កើតបានជា ពន្លឺចែងចាំងនៅពេលយប់ និងបានទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេសយ៉ាងច្រើនកុះករ។
បន្ថែមពីនេះ ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) លោកជំទាវ ឆាយ ស៊ីវលីន បានលើកបង្ហាញដែរថា “កំពតមានសក្តានុពលដ៏សំខាន់ ជាគោលដៅទេសចរណ៍ ដោយសារភាពទាក់ទាញ នៃធម្មជាតិ និងវប្បធម៌ចម្រុះរបស់ខ្លួន។”
តំបន់នេះពិតជាស័ក្តិសម សម្រាប់ទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌ និងទេសចរណ៍ បែបផ្សងព្រេង ដែលទាក់ទាញអ្នកធ្វើដំណើរ យ៉ាងច្រើន។ ប្រជាប្រិយភាពដែលកំពុងកើនឡើង ក្នុងចំណោមជនបរទេស និងអ្នកធ្វើការឌីជីថល ក៏ធ្វើឱ្យខេត្តកំពតក្លាយជាមជ្ឈមណ្ឌល សម្រាប់ការស្នាក់នៅរយៈពេលវែង និងការសម្រាកលំហែកាយផងដែរ នេះបើតាមលោកជំទាវ បានធ្វើការបញ្ជាក់បន្ថែម។
ប្រភពនិងរូបភាពពី រដ្ឋបាលខេត្តកំពត និង បេះដូងកំពត