កម្ពុជា ទទួលបានការវិនិយោគ ក្នុងទំហំទឹកប្រាក់ជាង ១,២ ពាន់លានដុល្លារ លើគម្រោងថ្មីចំនួន ៥៣ ដែលអាចបង្កើតការងារខ្ទង់ ៣៣ពាន់កន្លែង ក្នុងខែសីហាកន្លងទៅ!


ភ្នំពេញ៖ បើយោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបានចេញផ្សាយនៅថ្ងៃ ៩ កញ្ញាកន្លងទៅបានឲ្យដឹងថា កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ៥៣ ដែលមានទំហំទឹកប្រាក់ ១,២ ពាន់លានដុល្លារ ក្នុងខែសីហាឆ្នាំ២០២៤ កន្លងទៅនេះ ដែលបង្កើតការងារប្រមាណ ៣៣ ០០០ កន្លែងសម្រាប់ប្រជាពលរដ្ឋ។

របាយការណ៍ដដែល បានឲ្យដឹងថា ចិននៅតែជាអ្នកវិនិយោគកំពូល នៅកម្ពុជា ដែលមានចំនួន ៨៤% នៃទុនវិនិយោគសរុប ដែលនេះជាលទ្ធផល បង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំ រវាងប្រទេសទាំងពីរ។

យ៉ាងណា វិនិយោគិនក្នុងស្រុកបានរួមចំណែក ៩% ហើយវិនិយោគិនសិង្ហបុរី មានចំនួន ៥% នៃការវិនិយោគសរុប ដោយ FDIs ផ្សេងទៀត គឺមកពីប្រទេសសាម័រ (Samoa) ហូឡង់ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ផងដែរ ក្នុងខែសីហាកន្លងទៅនេះ។

ជាក់ស្តែង ការវិនិយោគស្ទើរតែទាំងអស់ គឺនៅក្នុងវិស័យផលិតកម្ម ដែលមានចំនួន ១,០៩ ពាន់លានដុល្លារ ខណៈដែលវិស័យផ្សេងទៀតគឺមានដូចជា ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងទេសចរណ៍ជាដើម។

សម្រាប់គម្រោងថ្មីទាំង ៥៣ ក្នុងនោះមាន ២២ គម្រោង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលចំណាត់ថ្នាក់កំពូលគឺ ខេត្តព្រះសីហនុទទួលបាន គម្រោងវិនិយោគចំនួន១០ កំពង់ស្ពឺ៩ និងស្វាយរៀង៨។

ប្រភពពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា