រចនាសម្ពន្ធខ្លោងទ្វារ ប្រាសាទតាព្រហ្មកិល ដែលត្រូវបានដឹងថា ជាមន្ទីរពេទ្យនាសម័យបុរាណរបស់ខ្មែរ ត្រូវបានរៀបចំរួចរាល់ និងបានបង្ហាញនូវក្បូរក្បាច់ចម្លាក់ សោភណ៌ភាព ជាថ្មីឡើងវិញ!


សៀមរាប៖ យោងតាមរបាយការណ៍ព័ត៌មាន ដែលទទួលបានពីហ្វេសបុកផ្លូវការ របស់អាជ្ញាធរជាតិអប្សរា ដែលបានចុះផ្សាយ នៅថ្ងៃទី ១០ កញ្ញានេះ បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការរៀបចំ រចនាសម្ពន្ធមួយចំនួន នៅប្រាសាទតាព្រហ្មកិល ដែលរងការខូចខាត ដោយអន្លើៗ មានថ្មខ្លះរាយប៉ាយ និងថ្មជាច្រើនទៀតបានបាត់ ឱ្យមានរបៀបរៀបរយឡើងវិញហើយ។

ក្នុងនោះដែរ ប្រធានការដ្ឋានជួសជុល ប្រាសាទតាព្រហ្មកិល លោក ម៉ៅ សុខនី បានឱ្យដឹងថា ក្រោយបញ្ចប់ការជួសជុល តួប្រាសាទតាព្រហ្មកិលរួច ក្រុមការងារកំពុងបន្ត រៀបចំបរិវេណខាងមុខប្រាសាទ នោះ មានដូចជា ខ្លោងទ្វារ និងបណ្ណាល័យនៅជ្រុងនិរតី ជាដើម។

ជាក់ស្តែង ការរៀបចំរចនាសម្ពន្ធ របស់មន្ទីរពេទ្យបុរាណនេះឡើងវិញ ចាំបាច់ត្រូវពង្រឹង ខឿនខ្លោងទ្វារច្រកចូលខាងកើត យកថ្មចល័តខុសទីតាំង មកដាក់កន្លែងដើម រៀបផ្គុំហោជាងឡើងវិញ រៀបចំថ្មមួយចំនួន ឱ្យមានសណ្តាប់ធ្នាប់ ហើយភ្ញៀវទេសចរអាច ទស្សនានូវក្បាច់ចម្លាក់ផ្សេងៗ ដូចជា ហោជាង និងផ្តែរបាន ព្រមទាំងរៀបចំខឿនបណ្ណាល័យ នៅជ្រុងអាគ្នេយ៍ផងដែរ។

 

ប្រភពពី អាជ្ញាធរជាតិអប្សរា