កំពត៖ បើយោងតាមព័ត៌មាន ដែលទទួលបានពី ហ្វេសបុកផេកផ្លូវការរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ១១ កញ្ញា នេះ បានឲ្យដឹងថា គម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) សម្រេចបាន ៩៦,២៦% ហើយ គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៤នេះ។
ប្រភពដដែលបានបន្តថា បើគ្មានការប្រែប្រួលទេ គម្រោងខ្សែផ្លូវដ៏សំខាន់នេះ នឹងរៀបចំពិធីប្រគល់-ទទួល នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ដែលមានន័យថា គម្រោងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាព តាមស្តង់ដារបច្ចេកទេសខ្ពស់ ផងដែរ។
ក្រុមការងារត្រួតពិនិត្យដឹកនាំដោយផ្ទាល់ពី ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រី PMU/PIU ក្រុមហ៊ុនសាងសង់ CRBC ក្រុមហ៊ុនត្រួតពិនិត្យបចេ្ចកទេស WACC ប្រធានមន្ទីសាធារណការ តាកែវ និងកំពត អាជ្ញាធរមូលដ្ឋាន ព្រមទាំងមាន ការចូលរួមពិនិត្យ និងដំណើរការសាកល្បងស្ថានីយ៍ជញ្ជីងថ្មី ជាមួយក្រមការងារត្រួតពិនិត្យ ការដឹកជញ្ជូនលើសទម្ងន់ផងដែរ។
បើយោងតាមរបាយការណ៍ វឌ្ឍនភាពបានឱ្យដឹងថា ការងារអ៊ុតកៅស៊ូ ACទាំង២ស្រទាប់ បានបញ្ចប់១០០% ហើយ។ ដោយឡែក ចំពោះលការងារបំពាក់ សម្ភារៈសុវត្តិភាពចរាចរណ៍ (គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗ ជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ) ស្ទើរបញ្ចប់រួចរាល់ ដោយនៅសេសសល់ តែតិចតួចប៉ុណ្ណោះ។
ឯកឧត្តមរដ្ឋលេខាធិការ តែងចុះពិនិត្យជាប្រចាំ ដើម្បីតាមដានការងារ បច្ចេកទេសសាងសង់ សម្តៅឱ្យការសាងសង់ ប្រព្រឹត្តទៅស្របតាម បទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់ មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។
ប្រភពពី ក្រសួងសាធារណការ និងដឹកជញ្ជូន