សៀមរាប៖ យោងតាមព័ត៌មាន ដែលចេញផ្សាយដោយអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ១១ កញ្ញា បានឲ្យដឹងថា ការងារជួសជុលប្រាសាទបាទជុំ ដែលបានចាប់ផ្តើម នៅដើមខែមិថុនា ឆ្នាំ២០២៤ មកដល់ពេលនេះ សម្រេចបានប្រមាណ ៧០% ដោយគ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២៤ ខាងមុខនេះ។
ជាក់ស្តែង ក្នុងនោះដែរ វិស្វករនៃអាជ្ញាធរជាតិអប្សរា កញ្ញា ដយ ពេជ្រជឺរ៉ា បានឱ្យដឹងថា ការងារជួសជុល ពង្រឹងប្រាសាទបាទជុំ នៅដំណាក់កាលទី៥នេះ បានសម្រេចចាប់ពីរួតទី១ ដល់រួតទី៣ ក្នុងចំណោមទាំង៤រួត និងកំពុងបន្តជួសជុលរួតទី៤។
អ្នកជំនាញរូបនេះបញ្ជាក់ថា រួតទី៣ និងទី៤ រងការខូចខាតធ្ងន់ធ្ងរ គឺរចនាសម្ពន្ធជញ្ជាំង បានរលុះធ្លុះពី មួយចំហៀងទៅមួយចំហៀង នៅតាមជ្រុងនីមួយៗ មិនមានស្ថេរភាព។ ក្រុមការងារសម្អាតកំណកដី ស្លែ ឬសរុក្ខជាតិ និងឥដ្ឋពុកផុយចេញ ហើយប្រើប្រាស់ឥដ្ឋចាស់ ដែលនៅមានគុណភាពឡើងវិញ រួមទាំងឥដ្ឋថ្មីនៅទីតាំងចាំបាច់។
ប្រើស្នូលដែកទាម នៅទីតាំងហែកខ្លាំង។ បិទកំបោរបាយអ ការពារជម្រាបទឹកជាដើម ដើម្បីពង្រឹងរចនាសម្ពន្ធ ប្រាសាទឥដ្ឋ ដែលមានអាយុកាលជាង១ពាន់ឆ្នាំនេះ នៅតែរឹងមាំគង់វង្សយូរអង្វែងបន្តទៀត ។
គួរឲ្យដឹងដែរថា បន្ទាប់ពីបញ្ចប់ការងារជួសជុល រួតទាំង៤រួតផ្នែកខាងលើ តួប៉មកណ្តាលប្រាសាទបាទជុំ អាជ្ញាធរជាតិអប្សរា នឹងបន្តជួសជុលជណ្តើរបន្ថែមទៀត ជាការលើកតម្លៃ ប្រាសាទបុរាណនេះ រក្សាបាននូវសោភ័ណភាព ដើម្បីសម្រួលដល់ការឡើង-ចុះ របស់ភ្ញៀវទេសចរផងដែរ។
ប្រភពពី អាជ្ញាធរជាតិអប្សរា