ព្រះសីហនុ៖ យោងតាមព័ត៌មាន ដែលទទួលបានពីក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលថ្មីៗនេះ បានឲ្យដឹងថា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានបើកសម្ពោធដំណើរការជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងមានការអញ្ជើញ ចូលរួមផងដែរពីសំណាក់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧញ៉ា ភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិ និងថ្នាក់ដឹកនាំក្រសួងផងដែរ។
ក្នុងឱកាសនោះដែរ ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសាធារណការ បានមានប្រសាសន៍លើកឡើងថា នេះគឺជាពិធីលើកទី៣ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានប្រព្រឹត្តទៅ ក្រោមវត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី្រកម្ពុជា ដោយលើកទី១ គឺពិធីបើកការដ្ឋានសាងសង់ ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ និងលើកទី២ គឺពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២៤។
ទន្ទឹមនឹងនេះ ពិធីដែលកំពុងប្រារព្ធឡើងនាថ្ងៃនេះ ក៏ជាសក្ខីភាពបង្ហាញ ឱ្យឃើញនូវសមិទ្ធផលថ្មីមួយបន្ថែមទៀត របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការរីកចម្រើន របស់កម្ពុជា ក្រោមការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងអាណត្តិមុន និងបច្ចុប្បន្ន ដែលបានគាំទ្រ និងចង្អុលបង្ហាញ ជាទិសដៅយុទ្ធសាស្ត្រនៅក្នុង ការអនុវត្តឱ្យសម្រេចចេញ ជាផ្លែផ្កានៃសមិទ្ធផល និងផលប្រយោជន៍ជាតិ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ចំណតផែកុងតឺន័របន្ថែមថ្មីនេះ បាននឹងកំពុងជួយ បំពេញបន្ថែមនូវមុខងាររបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យសមត្ថភាពផែសរុប កើនឡើងពី ៥៥ម៉ឺនTEUs/ឆ្នាំ ទៅ ១លាន TEUs/ឆ្នាំ និងអាចអនុញ្ញាតឱ្យ នាវាកុងតឺន័រមានជម្រៅទឹក ១០,៤ម៉ែត្រ ចូលចតបាន ដែលតាមការព្យាករណ៍គឺកើនឡើងពី ១៨% ទៅប្រមាណ ៣៨% នៃនាវា ដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែកសម្រាប់នាវា ដែលមានផ្លូវរត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ត្រូវបានព្យាករណ៍ថា នឹងកើនឡើងរហូតដល់ ៤៩,២៥% ផងដែរ។
ប្រភពពី ក្រសួងសាធារណការ និងដឹកជញ្ជូន