សៀមរាប៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដែលចេញផ្សាយដោយគ្រឹះស្ថានអង្គរ នាពេលថ្មីៗនេះ បានឲ្យដឹងថា ឧទ្យានបុរាណវិទ្យាអង្គរ ដ៏ល្បីល្បាញរបស់កម្ពុជា បានទាក់ទាញភ្ញៀវទេសចរចិនចំនួន ៥០ ៤៣១នាក់ ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ ២០២៤ កើនឡើង ៣៣,៥% ពីចំនួន ៣៧ ៧៥៩ នាក់ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំមុន។
ប្រភពដដែលបានបន្តឱ្យដឹងថា ចំនួននេះស្មើនឹង ៧,៧៣% នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប ចំនួន ៦៥១ ៨៥៧ នាក់ ដែលបានមកដល់ឧទ្យានបុរាណអង្គរ ក្នុងអំឡុងពេលខែមករា ដល់ខែសីហាឆ្នាំនេះ។
គូសសម្គាល់ដែរថា ប្រទេសចិន នៅតែជាប្រភពបរទេសធំបំផុតទី ៥ នៃជនបរទេស មកកាន់អង្គរ បន្ទាប់ពីសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងកូរ៉េខាងត្បូង។ ប្រភពបានបន្ថែមថា ភ្ញៀវទេសចរមកពី ២០០ ប្រទេស និងតំបន់ បានមកទស្សនាតំបន់អង្គររបស់កម្ពុជា។
រម្លឹកផងដែរថា ឧទ្យានបុរាណវិទ្យាអង្គរ ស្ថិតនៅក្នុងខេត្តសៀមរាប ភាគពាយ័ព្យនៃប្រទេសកម្ពុជា ដែលត្រូវបានចុះក្នុងបញ្ជី របស់អង្គការយូណេស្កូនោះ គឺជាគោលដៅទេសចរណ៍ ដ៏ពេញនិយមបំផុត នៅក្នុងប្រទេសកម្ពុជា។
ឧទ្យានបុរាណវិទ្យាមួយនេះ មានទំហំ ៤០១ គីឡូម៉ែត្រការ៉េ ក៏ជាទីកន្លែងបណ្តុំរបស់ ប្រាសាទបុរាណចំនួន ៩១ ដែលត្រូវបានសាងសង់ឡើង ពីសតវត្សរ៍ទី ៩ ដល់សតវត្សរ៍ទី ១៣។
ប្រភពពី គ្រឹះស្ថានអង្គរ