ចម្លាក់តោថ្មបុរាណ នៅប្រាសាទភ្នំក្រោម ដែលបានបាក់បែកជាបួនបំណែក ត្រូវបានជួសជុលយ៉ាងយកចិត្តទុកដាក់ មុននឹងយកទៅតម្កល់ នៅទីតាំងដើមវិញ!


សៀមរាប៖ យោងតាមព័ត៌មាន ដែលទទួលបានពីហ្វេសបុកផេក អាជ្ញាធរជាតិអប្សរា ដែលបានចេញផ្សាយ នៅថ្ងៃទី ១៣ កញ្ញានេះ បានឲ្យដឹងថា ចម្លាក់តោថ្មចំនួនមួយ មានកម្ពស់១,៣៧ម៉ែត្រ ទទឹង៤៦សង់ទីម៉ែត្រ បានបែកបាក់ជាបួនបំណែក និងបាត់បង់ជើងទាំង៤ ដែលចម្លាក់តោនេះ មានទីតាំងនៅខាងស្តាំ នៃជណ្តើរខាងលិច តួប៉មកណ្តាលប្រាសាទភ្នំក្រោម កំពុងត្រូវបានជួសជុលដោយ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សា ដោយអាចនឹងត្រូវប្រើពេលជួសជុល ប្រមាណ៦ខែ។

ក្នុងនោះដែរ លោក ទ្រី ប៊ុនលី អ្នកជំនាញអភិរក្សថ្ម បានឱ្យដឹងថា ចម្លាក់តោនេះ ត្រូវបានរងការខូចខាតអស់ពេល ជាយូរមកហើយដោយកត្តាផ្សេងៗ។ បំណែកតោនៅសេសសល់បួនបំណែក មានក្បាលដងខ្លួន និងភ្លៅមុខខាងស្តាំ រួមទាំងជើងទម្រផង។ ក្រុមការងារបានយក បំណែកចម្លាក់តោ មកសម្អាតស្ងួត សម្អាតសើម និងសម្អាតបែបគីមី រួចហើយពង្រឹងថ្ម និងផ្គុំតភ្ជាប់ឡើងវិញនោះ។

ចំណែក ជើងទាំង៤ ដែលបាត់បង់ត្រូវបន្ថែមថ្មថ្មី ដើម្បីឱ្យចម្លាក់តោ មានជំហររឹងមាំឡើងវិញ។

ដោយឡែក លោក អៀន ធី និងលោក យក់ ក្រូច អ្នកអភិរក្សថ្ម ក៏បានឱ្យដឹងថា ការងារជួសជុលចម្លាក់តោនេះ បានសហការគ្នាជាក្រុម តាំងពីចាប់ផ្តើម រហូតពេលដាប់ឆ្លាក់ថ្មថ្មី តភ្ជាប់ដងខ្លួនតោឡើងវិញ។ ឆ្លងកាត់ការសិក្សា និងមុនឈានដល់ ការដាប់ថ្មថ្មីជំនួសជើងទាំងបួន ដែលបាត់បង់ឱ្យត្រូវតាម ទម្រង់ដើម អ្នកជំនាញបានធ្វើពុម្ពដីឥដ្ឋ ឱ្យចេញជារូបរាងតាមទម្រង់ និងកម្ពស់ដើម បន្ទាប់មកដាប់ឆ្លាក់ថ្មថ្មីជាទម្រង់ជើងតភ្ជាប់ឡើងវិញ។

ចម្លាក់តោនេះ នឹងត្រូវតម្កល់នៅទីតាំងដើម ក្រោយពេលបញ្ចប់ការជួសជុល។

 

 

ប្រភពពី អាជ្ញាធរជាតិអប្សរា