បំណែកក្បាលនាគ ដែលជាផ្នែកមួយរបស់ បដិមាព្រះពុទ្ធប្រក់នាគ ត្រូវបានក្រុមអ្នកជំនាញ ធ្វើកំណាយប្រទះឃើញ នៅក្នុងបរិវេណប្រាសាទតាព្រហ្ម!


សៀមរាប៖ បើយោងតាមព័ត៌មាន ដែលទទួលបានពីហ្វេសបុកផេកផ្លូវការ របស់អាជ្ញាធរជាតិអប្សរា ដែលបានចេញផ្សាយនៅថ្ងៃ ១៧ កញ្ញាកន្លងទៅនេះ បានឲ្យដឹងថា ក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា សហការជាមួយ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) កំពុងធ្វើកំណាយនៅក្នុង បរិវេណប្រាសាទតាព្រហ្ម ហើយក៏បានប្រទះឃើញបំណែកក្បាលនាគ ដែលជាផ្នែកមួយរបស់ បដិមាព្រះពុទ្ធបដិមាប្រក់នាគ តម្កល់នៅក្នុងសាលរបាំ រួមទាំងបំណែកផ្សេងៗ របស់បដិមាតូចធំមួយចំនួនផង។

ជាក់ស្តែង ក្នុងការងារកំណាយនោះដែរ លោកស្រីបុរាណវិទូ នេត ស៊ីមន បានឱ្យដឹងថា កាលពីខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលដែលក្រុមការងារ បានរៀបចំសម្រង់ប្លង់បំណែកថ្ម ដែលនៅរាយប៉ាយជុំវិញ រោងទងទី៣ នៃប្រាសាទតាព្រហ្ម បានប្រទះឃើញ បំណែកខ្លួននាគមួយផ្នែក នៃចម្លាក់បដិមាព្រះពុទ្ធប្រក់នាគ  មួយផ្នែកកប់នៅក្នុងដី។ ក្រោយពីកំណាយឃើញថា ថ្មនៃបំណែកក្បាលនាគនេះ គឺជាបំណែកចម្លាក់នាគ  ដែលជាដងខ្លួននាគ របស់ព្រះពុទ្ធប្រក់នាគ ដែលបានយកទៅដាក់តម្កល់ ក្នុងសាលរបាំ។

យ៉ាងណា បំណែកក្បាលនាគ មានត្រឹមក្បាលតែ២ប៉ុណ្ណោះ គឺក្បាលផ្នែកកណ្តាល និងខាងស្តាំ ក្នុងចំណោមនាគក្បាល៧។ អ្វីដែលធ្វើឱ្យអ្នកជំនាញសន្និដ្ឋានថា ជាបំណែកមួយរបស់ ព្រះពុទ្ធប្រក់នាគ គឺមុខថ្មមានទំហំត្រូវគ្នា សាច់ថ្មតែមួយ រួមទាំងក្បូរក្បាច់ក្នុងទម្រង់ដូចគ្នា។

តាមស្ថានភាពនៃបំណែកក្បាលនាគ កប់នៅក្នុងដីនេះ គឺមានការរៀបចំ ទុកយ៉ាងត្រឹមត្រូវ ដែលអ្នកជំនាញគិតថា បំណែករូបនេះ ត្រូវបានគេកប់ទុក នៅទីតាំងនេះ ដោយការគោរព ដែលប្រហែលជានៅក្រោយ រាជព្រះបាទជ័យវរ្ម័នទី៧ ពេលដែលផ្លាស់ប្ដូរសាសនា ពីពុទ្ធសាសនាមហាយាន ទៅព្រហ្មសាសនាវិញ។

ក្រុមការងារសង្ឃឹមថា នឹងអាចរកឃើញផ្នែកផ្សេងៗ របស់ពុទ្ធបដិមាប្រក់នាគដ៏ធំមួយនេះ បន្ថែមទៀតនាពេលអនាគ ដើម្បីយកមកផ្គុំឡើងវិញ ឱ្យបដិមានេះពេញរូបរាង ទុកឱ្យពុទ្ធសាសនិក គោរពបូជាតាមជំនឿសាសនាបុរាណ របស់ខ្មែរយើង។

បុរាណវិទូរូបនេះ ឱ្យដឹងទៀតថា ក្រៅពីបំណែកក្បាលនាគដ៏សំខាន់នេះ ក៏រកឃើញបំណែកផ្សេងៗ របស់ពុទ្ធបដិមា និងចម្លាក់ផ្សេងៗ មួយចំនួនទៀត មានដូចជា ប្រអប់ដៃ ប្រអប់ជើង ដងខ្លួន ជើងទម្រ ព្រះសិរ ផងដែរ។

ប្រភពពី អាជ្ញាធរជាតិអប្សរា