សៀមរាប៖ ថ្លែងក្នុងឱកាសព្រឹត្តិការណ៍ទេសចរណ៍ ដែលបានធ្វើឡើងក្នុងខេត្តសៀមរាប កាលពីថ្ងៃ ១៩ កញ្ញានេះ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រុមហ៊ុន Thai Airways និង AirAsia នឹងភ្ជាប់សេវាជើងហោះហើរទៀងទាត់ មកកាន់កម្ពុជា នៅខែតុលា ដែលជាខែក្រោយនេះ។
លោក បានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នឹងចាប់ផ្តើមជើងហោះហើរ ប្រចាំថ្ងៃពីបាងកក-ភ្នំពេញ ចាប់ពីថ្ងៃទី២៧ ខែតុលា ខណៈដែលក្រុមហ៊ុន AirAsia នឹងចាប់ផ្តើម សេវាកម្មផ្លូវអាកាសរបស់ខ្លួនរវាង ខេត្តភូកេត និងខេត្តសៀមរាបនៅថ្ងៃទី ២៩ ខែតុលា។
លោក ឌី រ៉ាដូ បាននិយាយផងថា៖ “នេះជាសញ្ញាល្អ សម្រាប់វិស័យអាកាសចរណ៍ ក៏ដូចជាវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាបផងដែរ។”
គួររម្លឹកដែរថា ក្នុងរយៈពេលប្រាំបីខែដំបូង នៃឆ្នាំ២០២៤ ខេត្តសៀមរាបទទួលបាន ភ្ញៀវទេសចរអន្តរជាតិជាង ៦៥០ ០០០នាក់ កើនឡើង ៣១% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។
ភ្ញៀវទេសចរជាប់ចំណាត់ថ្នាក់កំពូល ចូលមកកម្សាន្តនៅកម្ពុជា រួមមានភ្ញៀវទេសចរអាមេរិក ជាប់ចំណាត់ថ្នាក់លេខ១ តាមពីក្រោយដោយ ភ្ញៀវទេសចរអង់គ្លេស និងភ្ញៀវទេសចរបារាំង។
គួរឲ្យដឹងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលមានទីតាំង ស្ថិតក្នុងឃុំតាយែក ស្រុកសូទ្រនិគម ចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីក្រុងសៀមរាប បានចាប់ផ្តើមប្រតិបត្តិការ កាលពីខែតុលាឆ្នាំមុន។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាអាកាសយានដ្ឋានអន្តរជាតិកម្រិត 4E ដែលអាចទទួលជើងហោះហើរ ផ្លូវឆ្ងាយពីជុំវិញពិភពលោក ជាមួយនឹងផ្លូវរត់ ៣ ៦០០ ម៉ែត្រ និង ចំណតចូលយន្តហោះចំនួន៣៨ មានលទ្ធភាពទទួលអ្នកដំណើរ បានប្រាំពីរលាននាក់ក្នុងមួយឆ្នាំ ហើយត្រូវបានគេរំពឹងថា នឹងបង្កើនសមត្ថភាពរបស់ខ្លួន ទទួលបានអ្នកដំណើររហូតដល់ ១២ លាននាក់ ក្នុងមួយឆ្នាំ ពីឆ្នាំ២០៤០ ផងដែរ។
ប្រភពពី រដ្ឋបាលខេត្តសៀមរាប និងមន្ទីរទេសចរណ៍ខេត្តសៀមរាប