សិស្សានុសិស្សប្រមាណ ២០០ នាក់ នៃសាលាបឋមសិក្សាក្របីរៀល ចូលមកបំពេញទស្សនកិច្ចសិក្សា អំពីកិច្ចការងារអភិរក្ស ប្រាសាទបុរាណ នៅប្រាសាទបន្ទាយសំរ៉ែ!


សៀមរាប៖ យោងតាមព័ត៌មានដែលទទួលបាន ពីហ្វេសបុកផេកផ្លូវការ របស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២០ កញ្ញា នេះបានឲ្យដឹងថា នៅថ្ងៃទី១៩ និង២០ ខែកញ្ញា ឆ្នាំ២០២៤នេះ សិស្សានុសិស្សចំនួន២០០នាក់ ក្នុងនោះមានសិស្សថ្នាក់ទី៥ ចំនួន២ថ្នាក់ និងសិស្សថ្នាក់ទី៦ ចំនួន២ថ្នាក់ នៃសាលាបឋមសិក្សាក្របីរៀល ស្ថិតក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប បានមកទស្សនកិច្ចសិក្សា អំពីកិច្ចការងារអភិរក្ស ប្រាសាទបន្ទាយសំរ៉ែ បន្ទាប់ពីបានសិក្សាអំពីទ្រឹស្តី នៅក្នុងថ្នាក់រៀន អស់រយៈពេលជាច្រើនខែមក។

ប្រភពដដែលបានគូសបញ្ជាក់ថា គោលបំណងដឹកនាំសិស្សានុសិស្ស មកទស្សនកិច្ចសិក្សា នៅប្រាសាទបន្ទាយសំរ៉ែ ក៏ដូចជា នៅតំបន់រមណីយដ្ឋានអង្គរនេះ គឺដើម្បីឱ្យកុមារដែលរស់នៅ ក្បែររមណីយដ្ឋានអង្គរ បានសិក្សាស្វែងយល់ពី អរិយធម៌ ការរៀបចំរមណីយដ្ឋានអង្គរ ជាពិសេសបង្ហាញ នូវភាពជាក់ស្តែង នៃកិច្ចការពារ ថែរក្សា អភិរក្ស ការងារគ្រប់គ្រង និងការអភិវឌ្ឍដោយចីរភាព ជាយូរអង្វែងសម្រាប់តំបន់អង្គរ។

គូសសម្គាល់ផងដែរថា ដើម្បីបណ្តុះគំនិតយុវជនជំនាន់ក្រោយ ឱ្យបានយល់ដឹងអំពី ការថែរក្សាបេតិកភណ្ឌ ចាប់តាំងពីឆ្នាំ២០០៧ មក ក៏មានវគ្គបណ្តុះបណ្តាលមួយ ដល់សិស្សានុសិស្សរស់នៅ តំបន់បេតិកភណ្ឌ មានក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ ជាដើម។

 

ប្រភពពី អាជ្ញាធរជាតិអប្សរា