ភ្នំពេញ៖ បើយោងតាមព័ត៌មានដែលទទួលបាន នៅក្នុងពិធីបើកពិព័រណ៍សំណង់ និងសម្ភារៈសាងសង់ខ្នាតអន្តរជាតិ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ក្រសួង បានដាក់ទិសដៅ នៃការចុះបញ្ជីដីធ្លី ឱ្យបានចប់សព្វគ្រប់ត្រឹមឆ្នាំ២០២៨ ខាងមុខ ខណៈបច្ចុប្បន្ននៅសល់ក្បាលដីជាង ១លានទៀត។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើម ការចុះបញ្ជីដីធ្លី តាំងពីឆ្នាំ ១៩៨៩ មកម៉្លេះ ហើយឆ្នាំ២០២៩ ខាងមុខ នឹងត្រូវខួបទី៤០ នៃការចុះបញ្ជីដីធ្លីនៅកម្ពុជា។
ឯកឧត្តម មានប្រសាសន៍បន្តថា៖ “នៅប៉ុន្មានឆ្នាំខាងមុខនេះ គឺខួបលើកទី៤០ នៃការចុះបញ្ជីដីធ្លី។ ក្នុងខួបទី៤០នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្តេជ្ញាចិត្តខ្ពស់ និងការទទួលខុសត្រូវ ចំពោះមុខប្រជាជន ចំពោះមុខរាជរដ្ឋាភិបាល ចំពោះគណបក្ស គឺនឹងចុះបញ្ជីដីឱ្យបានចប់សព្វគ្រប់ ប្រហែលជាក្នុងអំឡុងខែ១២ ឆ្នាំ២០២៨។”
គួរឲ្យដឹងផងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លី ប្រមាណ ៥លានបណ្ណ ជូនប្រជាពលរដ្ឋទូទាំងប្រទេស បើគិតត្រឹមខែមករា ឆ្នាំ២០២៤។
ក្រសួងទើបតែងបានចុះវាស់វែង ក្បាលដីបន្ថែមបានប្រមាណ ២ លាន ៣ សែនក្បាលដី ហើយក្រសួងកំពុងតែ ចែកជូនប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ នេះបើតាម ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់បន្ថែម។