ភ្នំពេញ៖ យោងតាមរបាយការណ៍ចុងក្រោយ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កាលពីថ្ងៃទី ២១ កញ្ញាកន្លងទៅនេះ បានឲ្យដឹងថា ពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសជាសមាជិក នៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានកើនឡើងដល់ ២២,៩២ ពាន់លានដុល្លារ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៤ គឺកើនឡើង ១៧,២% ពីចំនួន ១៩,៥៥ ពាន់លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ប្រភពដដែលបានឱ្យដឹងថា ទំហំពាណិជ្ជកម្មរបស់ ប្រទេសកម្ពុជាជាមួយសមាជិក RCEP រួមមានចំនួន ៦២% នៃទំហំពាណិជ្ជកម្មសរុប ៣៦,៩៤ ពាន់លានដុល្លាររបស់ខ្លួន ក្នុងអំឡុងពេលខែមករាដល់ខែសីហា ឆ្នាំ២០២៤ នេះ។
ក្នុងនោះដែរ ប្រទេសកម្ពុជា បាននាំចេញផលិតផលមានតម្លៃ ៦,០៥ ពាន់លានដុល្លារ ទៅកាន់ប្រទេស RCEP កើនឡើង ១៥% ពី ៥,២៦ ពាន់លានដុល្លារ ខណៈដែលខ្លួន បានចុះបញ្ជីការនាំចូលទំនិញ មានតម្លៃ ១៦,៨៧ ពាន់លានដុល្លារ ពីបណ្តាប្រទេស RCEP កើនឡើង ១៨% ពី ១៤,២៩ ពាន់លានដុល្លារ។
ដៃគូពាណិជ្ជកម្មកំពូលទាំងប្រាំ របស់ប្រទេសកម្ពុជា ក្រោមកតិកាសញ្ញាពាណិជ្ជកម្មដ៏ធំ ក្នុងតំបន់នេះ រួមមាន ចិន វៀតណាម ថៃ ជប៉ុន និងសិង្ហបុរី។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា RCEP គឺជាកត្តាជម្រុញ កំណើនពាណិជ្ជកម្មរបស់កម្ពុជា និងជាមេដែក ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពី បរទេសកាន់តែច្រើន មកកាន់ប្រទេស។
ឯកឧត្តម បានលើកឡើងថា៖ “ទោះបីជាមានការកើនឡើង នូវការគាំពារនិយម និងការធ្លាក់ចុះនៃតម្រូវការសកលក៏ដោយ ក៏ RCEP បានផ្តល់ការជម្រុញដល់ សមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការ ដែលនាំមកនូវអត្ថប្រយោជន៍ដ៏អស្ចារ្យ ដល់ប្រទេសសមាជិកទាំងអស់ រួមទាំងប្រទេសកម្ពុជាយើងផងដែរ។”
ប្រភពពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករ