កំពែងក្រុងអង្គរធំ ធ្វើពីថ្មបាយក្រៀម ប្រវែង ២៥ ម៉ែត្រ ដែលរងការខូចខាតខ្លាំង កំពុងត្រូវបានជួសជុលឲ្យរឹងមាំឡើងវិញ ដោយក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា!


សៀមរាប៖ បើយោងតាមព័ត៌មាន ដែលទទួលបានពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២៦ កញ្ញានេះ បានឲ្យដឹងថា ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ចំណាយពេល៨ខែ ដើម្បីជួសជុលកំពែង ធ្វើពីថ្មបាយក្រៀមរបស់ក្រុងអង្គរធំ ដែលស្ថិតនៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំង ប្រវែង២៥ម៉ែត្រ ឱ្យបានរឹងមាំឡើងវិញ។

គួរឲ្យដឹងផងថា កំពែងរបស់ក្រុងអង្គរធំ ប្រវែង ២៥ម៉ែត្រនេះ បានខូចខាតបណ្តាល មកពីអាយុកាលរបស់ថ្ម ព្រមទាំងកត្តាធម្មជាតិ មួយចំនួនទៀតដូចជា ទឹកភ្លៀងហូរច្រោះ រុក្ខជាតិដុះចាក់ឬស ធ្វើឱ្យថ្មញែកចេញពីគ្នា ព្រមទាំងកង្វះការថែទាំ ធ្វើឱ្យថ្មជញ្ជាំងកំពែង ពុកផុយហើយដួលរលំ។

ក្នុងនោះដែរ មន្ត្រីបច្ចេកទេស របស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា លោក ម៉ៅ សុខនី បានឱ្យដឹងថា ការជួសជុលកំពែងក្រុងអង្គរធំពេលនេះ គឺត្រូវពង្រឹង គ្រឹះជើងក្រោមរបស់កំពែងចំនួន៣ស្រទាប់ ឱ្យបានរឹងមាំជាមុន រួចហើយរៀបជញ្ជាំង ដែលខូចខាតទាំងអស់ឡើងវិញ។

គូសបញ្ជាក់ដែរថា នេះ គឺជាការជួសជុលកំពែង របស់ក្រុងអង្គរធំដំណាក់កាលទី៦។ ជាច្រើនឆ្នាំមកនេះ  ក្រុមអ្នកជំនាញធ្លាប់បាន ជួសជុលកំពែងរបស់ក្រុងអង្គរធំ ដែលសាងសង់ពីថ្មបាយក្រៀមចំនួន ៥កន្លែង រួចមកហើយ។

ក្រុមអ្នកជំនាញផ្នែកជួសជុល ក៏បានឱ្យដឹងទៀតថា នៅមុនពេលឈានដល់ ការជួសជុលកំពែងក្រុងអង្គរធំប្រវែង២៥ម៉ែត្រនេះ គឺក្រុមអ្នកស្រាវជ្រាវ បានធ្វើកំណាយ ដើម្បីសិក្សាពីរចនាសម្ពន្ធទាំងមូល របស់កំពែង ដើម្បីឱ្យប្រាកដថា តើការដួលរលំរបស់កំពែងនេះ បណ្ដាលមកពីកត្តាអ្វី? តើនៅទីនេះ ធ្លាប់មានការជួសជុលពីមុនដែរឬទេ? បន្ទាប់មក ទើបក្រុមការងារធ្វើការសម្អាត សិក្សាពីជើងគ្រឹះក្រោម ដើម្បីពង្រឹងគ្រឹះឡើងវិញ។

គម្រោងជួសជុលនេះ ក៏មានការត្រួតពិនិត្យបច្ចេកទេស ពីគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ សម្រាប់អង្គរហៅកាត់ថា អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុកផងដែរ។

 

ប្រភពពី អាជ្ញាធរជាតិអប្សរា