៨ ខែដំបូង កម្ពុជា រកចំណូលបានខ្ទង់ ៥២៧លានដុល្លារ ពីការនាំចេញសំបកកង់រថយន្ត កើនឡើង ១៧៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន!


ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា បាននាំចេញសំបកកង់រថយន្ត ក្នុងទំហំទឹកប្រាក់ ៥២៧ លានដុល្លារ ក្នុងរយៈពេល ៨ ខែដំបូង នៃឆ្នាំ២០២៤ កើនឡើង ១៧៣% បើធៀបនឹង ១៩៣ លានដុល្លារ ដែលបានកត់ត្រាក្នុង អំឡុងពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលបានចុះផ្សាយ នាពេលថ្មីៗនេះ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា កំណើននេះបណ្តាលមកពី ការកើនឡើងនៃវត្តមាន របស់រោងចក្រផលិត សំបកកង់រថយន្តនៅក្នុងប្រទេសកម្ពុជា និងឆ្លុះបញ្ចាំងពីការធ្វើ ពិពិធកម្មនៃការនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ ផងដែរ។

ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ថា “ដោយសារឧស្សាហកម្ម សំបកកង់រថយន្ត គឺជាឧស្សាហកម្មដ៏មានសក្តានុពលមួយ ដែលកំណើននៃការនាំចេញ បង្ហាញថាសំបកកង់ ដែលផលិតនៅប្រទេសកម្ពុជា មានគុណភាព និងបំពេញតម្រូវការទីផ្សារបរទេសបាន។”

វិស័យនេះបានបង្ហាញពីសក្ដានុពល ខណៈដែលអ្នកវិនិយោគកាន់តែច្រើន ស្វែងរកការបោះទុនវិនិយោគរបស់ពួកគេ ចូលមកក្នុងប្រទេសកម្ពុជា។

គូសសម្គាល់ដែរថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រ ផលិតសំបកកង់រថយន្តចំនួនបី ស្ថិតនៅក្នុងខេត្តស្វាយរៀង ព្រះសីហនុ និងក្រចេះ ដែលកំពុងដំណើរការ  ដោយគម្រោងវិនិយោគជាច្រើនទៀត កំពុងរង់ចាំការអនុម័តពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

 

ប្រភពពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករ