កោះកុង៖ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ តម្លៃ២០០លានដុល្លារ ស្ថិតនៅក្នុងខេត្តកោះកុង កំពុងត្រូវបានធ្វើការតេស្តសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍ (Flight Engineering Inspection and Calibration) រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ដើម្បីឈានទៅបើកឲ្យប្រតិបត្តការសម្រាប់ ការហោះហើរយន្តហោះ ប្រភេទស្រាលខ្នាតតូច ក្នុងស្រុក នៅចុងខែវិច្ឆិកាខាងមុខ នេះបើយោងតាម ដំណឹងដែលទទួលបានពី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
គួរឲ្យដឹងដែរថា ការហោះហើរសាកល្បង ពិនិត្យបច្ចេកទេសលើឧបករណ៍នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងតំណាងក្រុមហ៊ុនវិនិយោគ លើអាកាសយានដ្ឋានអន្តរជាតិតារាសាគរ។
ដោយឡែក ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឱ្យដឹងកាលពីថ្ងៃទី២៩ ខែកញ្ញានេះថា ការហោះហើរសាកល្បង ពិនិត្យបច្ចេកទេសលើឧបករណ៍នេះ រួមមានការហោះហើរឆែកនូវ ឧបករណ៍បច្ចេកទេស នាំផ្លូវអាកាស វិទ្យុទាក់ទងជាមួយ អាកាសយាននិក និងកង្វះខាតនានាដែលត្រូវ ដោះស្រាយបន្ថែមទៀត ឲ្យបានសព្វជ្រុងជ្រោយ។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា៖ “បើគ្មានអ្វីប្រែប្រួលទេនោះ ការបើកឲ្យប្រតិបត្តការ សម្រាប់ការហោះហើរយន្តហោះ ប្រភេទស្រាលខ្នាតតូច ក្នុងស្រុក នៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាចនឹងធ្វើឡើង នៅចុងខែវិច្ឆិកាខាងមុខនេះ។”
គូសសម្គាល់ផងថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានសាងសង់ឡើងលើផ្ទៃដី ២១៨ហិចតា ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង និងជាគម្រោងវិនិយោគដោយ ក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់ប្រមាណ ២០០លានដុល្លារ (ក្នុងដំណាក់កាលទី១)។
បច្ចុប្បន្នអាកាសយានដ្ឋាននេះ សាងសង់បានពេញលេញខ្ទង់ ១០០% ហើយ និងមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ក្នុងការធ្វើការប្រតិបត្តិការ ហោះហើរក្នុងស្រុក។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ ការចុះចតប្រភេទយន្តហោះលំដាប់ 4E បាន ដូចជាយន្តហោះប្រភេទ តូចរហូត ដល់ធុនមធ្យម ជាដើម។
ប្រភពពី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល