គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៤ កម្ពុជា ទទួលបានចំនួនភ្ញៀវទេសចរអន្តរជាតិសរុប ៤,២៩ លាននាក់ កើនឡើងប្រមាណ ២២,៥% ធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលធ្លាប់ទទួលបានត្រឹម ៣,៥ លាននាក់ បើយោងតាមទិន្នន័យ ចេញផ្សាយពីក្រសួងទេសចរណ៍កម្ពុជា ដោយភ្ញៀវទេសចរបរទេស មកពីប្រទេសថៃ មានចំនួនច្រើនជាងគេ នាំមុខបន្ទាប់ដោយភ្ញៀវទេសចរពី ប្រទេសវៀតណាម និងប្រទេសចិន។
របាយការណ៍ពីក្រសួងទេសចរណ៍បង្ហាញថា ភ្ញៀវទេសចរបរទេស ប្រមាណ ៦៤,២% បានមកកាន់ប្រទេសកម្ពុជា តាមរយៈច្រកព្រំដែនអន្តរជាតិ និងតាមកំពង់ផែផ្លូវទឹក ចំណែកភ្ញៀវទេសចរអន្តរជាតិ មកតាមផ្លូវអាកាសមានត្រឹម ៣៥% ប៉ុណ្ណោះ។ យ៉ាងណាមិញ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលបានបើកដំណើរការ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ និងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងបើក ការហោះហើរនៅឆមាសទី១ ឆ្នាំ២០២៥ រំពឹងស្ដារវិស័យទេសចរណ៍ឡើងវិញ ទាក់ទាញអ្នកដំណើរ តាមផ្លូវអាកាសកាន់តែច្រើនឡើង និងរួមចំណែកអភិវឌ្ឍ វិស័យទេសចរណ៍នៅរយៈពេលវែង។
រាជរដ្ឋាភិបាលកម្ពុជា រំពឹងថានៅឆ្នាំ២០២៤ នឹងមានលទ្ធភាពអាច ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ប្រហែលជិត ៦ លាននាក់ ជាពិសេសអំឡុងពេល ចុងឆ្នាំ High Season ដែលកំពុងឈានមកដល់ ហើយចំនួនភ្ញៀវទេសចរ រំពឹងកើនឡើងដល់ ៧ លាននាក់នៅឆ្នាំ២០២៦ ខាងមុខ ក្រោយបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញ។
គួររំលឹកថា វិស័យទេសចរណ៍ជា សសរស្ដម្ភមួយក្នុងចំណោមសសរស្ដម្ភទាំង ៤ នៅក្នុងសេដ្ឋកិច្ចកម្ពុជា ដែលកាលពីឆ្នាំ២០២៣ កន្លងទៅ កម្ពុជា អាចរកចំណូលបានជាង ៣ ពាន់លានដុល្លារពីវិស័យ ទេសចរណ៍ និងបង្កើតការងារប្រមាណ ៤៥០ ០០០ កន្លែង សម្រាប់អ្នក បម្រើការងារផ្ទាល់ក្នុងវិស័យទេសចរណ៍នេះ។
ប្រភពពី ក្រសួងទេសចរណ៍