ភ្នំពេញ៖ ប្រទេសកម្ពុជា បានកត់ត្រាពី ចំនួនភ្ញៀវទេសចរសរុបជិត ១,៨ លាននាក់ ដែលធ្វើដំណើរកម្សាន្ត នៅទូទាំងប្រទេស ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ ដែលទើបតែបានបញ្ចប់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលនេះជាការផ្តល់នូវ ការជម្រុញដ៏សំខាន់ ដល់ឧស្សាហកម្មទេសចរណ៍ របស់ប្រទេស និងសេដ្ឋកិច្ចក្នុងស្រុក។
ជាក់ស្តែង បើតាមរបាយការណ៍របស់ ក្រសួងទេសចរណ៍ដែលបានបង្ហាញ កាលពីថ្ងៃសុក្រសប្តាហ៍មុន ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរច្រើនបំផុតចំនួន ២១៥ ៥៥៩នាក់ ខណៈខេត្តសៀមរាប និងខេត្តព្រះសីហនុទទួលបាន ១៧៣ ០០០នាក់ និង ១៦៥ ៥៩៥នាក់ រៀងគ្នា។
ក្នុងអំឡុងពេលភ្ជុំបិណ្ឌឆ្នាំនេះដែរ គោលដៅពេញនិយម ដែលទាក់ទាញភ្ញៀវទេសចរបានច្រើន រួមមាន ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប និងខេត្តកែប។
ប្រភពដដែល ក៏បានបន្ថែមថា ខេត្តកំពង់ឆ្នាំង និងខេត្តកំពត ទទួលបានភ្ញៀវទេសចរចំនួន ១៥៣ ៧៩២នាក់ និង ១២៣ ៣៣០នាក់។
ក្រសួងទេសចរណ៍ បានបញ្ជាក់ក្នុងរបាយការណ៍ថា “ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិសរុបចំនួន ១ ៧៤៨ ៩៨៦ នាក់ និងភ្ញៀវទេសចរបរទេសចំនួន ៣៧ ០៩១ នាក់។”
ដោយឡែក សម្រាប់ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេលបីថ្ងៃកាលពីឆ្នាំមុន ក្រសួងទេសចរណ៍ក៏បានកត់ត្រាចំនួន ភ្ញៀវទេសចរជិត២លាននាក់ ផងដែរ។
ប្រភពពី ក្រសួងទេសចរណ៍