ក្នុងរយៈពេល ៩ ខែនៃឆ្នាំនេះ រមណីយដ្ឋានអង្គរ រកចំណូលបានជាង ៣២,៥ លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិជិត ៧០ម៉ឺននាក់!


តំបន់រមណីយដ្ឋានអង្គរ បានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៦៩៩ ៨៥០ នាក់ ក្នុងរយៈពេល ៩ ខែដំបូងនៅឆ្នាំ២០២៤ តាមរបាយការណ៍ពីគ្រឹះស្ថានអង្គរ បានកើនឡើងជាង ២៩% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្លាប់ទទួលបានចំនួន ៥៣៩ ៥៦១ នាក់ ក្នុងនោះចំណូលបានពីការលក់ប័ណ្ណទស្សនារមណីដ្ឋានអង្គរ មានចំនួនសរុប ៣២,៥ លានដុល្លារ កើនឡើង ៣០% ធៀបទៅនឹង ២៥ លានដុល្លារ កាលពីឆ្នាំមុន។

ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនារមណីដ្ឋានអង្គរ ភាគច្រើនមកពី សហរដ្ឋអាមេរិក អង់គ្លេស បារាំង កូរ៉េខាងត្បូង និងប្រទេសចិន។ ការកើនឡើងនៃចំនួនភ្ញៀវទេសចរអន្តរជាតិនេះ មានការរួមចំណែកពីការផ្សព្វផ្សាយ ឆ្នាំទស្សនាសៀមរាប ២០២៤ ការសម្ពោធប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ការរៀបចំព្រឹត្តិការណ៍វប្បធម៌ និងព្រឹត្តិការណ៍ឆ្នាំផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន ២០២៤ ជាដើម។

នៅខែកញ្ញា កម្ពុជា ក៏បានរៀបចំព្រឹត្តិការណ៍តាំងបង្ហាញរថយន្ដទំនើប Gumball 3000 នៅខេត្តសៀមរាប និងបំបែកកំណត់ត្រាពិភពលោក Guinness World Records «ការតាំងបង្ហាញរថយន្ដទំនើប / រថយន្ដ Sport ដ៏ធំបំផុត» បូករួមនឹង ព្រឹត្តិការណ៍សមរាត្រី ថ្ងៃរះចំប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត បានទាក់ទាញចំណាប់អារម្មណ៍ ប្រជាជនកម្ពុជា និងភ្ញៀវទេសចរបរទេស បន្ថែមទៀត។ គិតត្រឹមតែ ខែកញ្ញា រមណីយដ្ឋានអង្គរទទួលបាន ភ្ញៀវទេសចរអន្តរជាតិចំនួន ៤៧៩៩៣ នាក់ ដែលរកចំណូលបាន ពីការលក់សំបុត្រ បានចំនួន ២,១៨ លានដុល្លារ។

សូមបញ្ជាក់ថា រមណីយដ្ឋានអង្គរ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក តាមរយៈអង្គការ UNESCO កាលពីឆ្នាំ១៩៩២ គ្របដណ្ដប់លើផ្ទៃដី ៤០១ គីឡូម៉ែត្រការ៉េ ដោយមានប្រាសាទបុរាណចំនួន ៩១ ប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរនោះ និងបានក្លាយទៅជាទិសដៅ ទេសចរណ៍ដ៏សំខាន់បំផុតនៅកម្ពុជា។

 

ប្រភពពី ក្រសួងព័ត៌មាន