ភ្នំពេញ៖ គិតត្រឹមដើមខែតុលា ឆ្នាំ២០២៤ នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលសមាជិករបស់ខ្លួន កើនឡើងដល់ ២ ៥៤៣ ៨៧០នាក់ (ស្រី ១ ៤១៣ ០១១ នាក់) នេះបើយោងតាម ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
យ៉ាងណា ក្នុងចំណោមសមាជិកសរុបជាង ២,៥ លាននាក់នេះ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈ ចំនួន ៤៨២ ៥៧៧នាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ ស្តីពីការងារ ចំនួន ១ ៥៨១ ៩៨៨ នាក់, បុគ្គលស្វ័យនិយោជន៍ ចំនួន ៣៦២ ៣៥៥នាក់, និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ១១៦ ៩៥០នាក់។
ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា ចំនួនសមាជិកបេឡាជាតិសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ជាកាតព្វកិច្ចមានកម្មករនិយោជិត មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន និងតាមរបបភាគទាន ដោយស្ម័គ្រចិត្ត មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. បានកើនឡើង គួរឱ្យកត់សំគាល់ ក្នុងឆ្នាំ២០២៤នេះ ដែលបង្ហាញថា ប្រជាពលរដ្ឋកាន់តែ ជឿទុកចិត្ត និងយល់ដឹងច្បាស់ពី អត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។
បន្ថែមពីនេះ ឯកឧត្តម កត្តា អ៊ន បានគូសបញ្ជាក់ថា៖ “បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ទទួលកុមារចូលជាសមាជិកផងដែរ ក្នុងនោះសម្រាប់កុមារ «អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» ទទួលបានអត្ថប្រយោជន៍ជាច្រើន ពេលក្លាយជាសមាជិក ប.ស.ស.។”
ឯកឧត្តម បានពន្យល់ថា កុមារ «អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» ទទួលបានអត្ថប្រយោជន៍ ដូចជាការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃ នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស ទាំងមន្ទីរពេទ្យសាធារណៈ និងឯកជន ក្នុងនោះដែរប្រសិនបើកុមារ ជួបគ្រោះថ្នាក់ និងជម្ងឺជាអកុសល រហូតដល់ស្លាប់បាត់បង់ជីវិត បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់ប្រាក់វិភាជន៍បូជាសព ទៀតផងដែរ។
ប្រភពពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ