គោលដៅទេសចរណ៍ ៥ ប្រទេស ដែលសុវត្ថិភាពបំផុត សម្រាប់ស្ត្រីធ្វើដំណើរកម្សាន្តម្នាក់ឯង


ការធ្វើដំណើរទេសចរណ៍តែម្នាក់ឯង (Solo Traveler) ពិតជាមិនងាយស្រួលឡើយ ជាពិសេសប្រសិនបើ អ្នកទេសចរណ៍ជាស្ត្រី ពីព្រោះវាតម្រូវអោយ យើងស្រាវជ្រាវ និងស្គាល់អោយបានច្រើន ពីប្រទេសនោះ ដើម្បីសុវត្ថិភាព គោលដៅទេសចរណ៍ដែលត្រូវទៅ និងអត្ថប្រយោជន៍ទទួលបាន ពីការធ្វើដំណើរនោះ។ ប៉ុន្តែការធ្វើដំណើរម្នាក់ឯង ពេញនិយមភាពច្រើន សម្រាប់យុវវ័យ ដែលចង់ផ្លាស់ប្ដូរបទពិសោធន៍ ចំណាយពេលជាមួយខ្លួនឯង ប្រើប្រាស់ជីវិតឯករាជ្យ ចាកចេញពីទីសុវត្ថិភាព (leave comfort zone) ទស្សនាភាពស្រស់ស្អាត នៃពិភពលោក អភិវឌ្ឍន៍ជំនាញទំនាក់ទំនង គ្រប់គ្រងពេលវេលា និងកញ្ចប់ថវិកាងាយស្រួលជាងមុន។ ដូចនេះប្រសិនបើអ្នក ចង់ធ្វើដំណើរម្នាក់ឯង ប្រទេសទាំង ៥ ខាងក្រោមជាគោលដៅ ទេសចរណ៍សុវត្ថិភាពបំផុត សម្រាប់ស្ត្រីទេសចរណ៍ម្នាក់ឯង។

១. ប្រទេសហ្វាំងឡង់

ប្រទេសហ្វាំងឡង់ ស្ថិតនៅអត្តគោលខាងជើង ដូចនេះត្រូវបានគេស្គាល់ថា ជាដែនដីព្រះអាទិត្យរះកណ្ដាលរាត្រី នៅរដូវក្ដៅ ដូចនេះទើបធ្វើអោយទេសភាពធម្មជាតិ នៅប្រទេសហ្វាំងឡង់ ស្រស់ស្អាត ហើយក៏មានតំបន់ការពារធម្មជាតិធំបំផុតនៅទ្វីបអឺរ៉ុប គឺឧទ្យានជាតិ Lemmenjoki National Park និងសម្បូរបឹងច្រើនបំផុតនៅអឺរ៉ុប។ ផ្នែកសុវត្ថិភាពវិញ ប្រទេសហ្វាំងឡង់ ជាប្រទេសសុវត្ថិភាពបំផុត តាមរបាយការណ៍ពី World Economic Forum ជាពិសេស សុវត្ថិភាពសម្រាប់មនុស្សស្រី អាចធ្វើដំណើរតែម្នាក់ឯង ដោយមិនមានក្ដីបារម្ភ។

២. ប្រទេសកាណាដា

កាណាដា ជាប្រទេសមានភាពចម្រុះ ទាំងភូមិសាស្ត្រ និងប្រជាជន ពីតំបន់ព្រៃឈើ តំបន់ភ្នំទឹកកក ទៅតំបន់ទីក្រុងទំនើប ហើយក៏សម្បូរទីក្រុង ចម្រុះជាតិសាស្ត្រផងដែរ។ ដូចនេះ ប្រទេសកាណាដា សម្បូរទៅដោយគោលដៅទេសចរណ៍ធម្មជាតិស្រស់ស្អាតជាច្រើន ខណៈទីក្រុងនឹងផ្ដល់បទពិសោធន៍ ដំណើរកម្សាន្ដវប្បធម៌ចម្រុះជាតិសាស្ត្រ។ ចំពោះផ្នែកសុវត្ថិភាពវិញ កាណាដា ត្រូវបានចាត់ទុកជាគោលដៅ ទេសចរណ៍សុវត្ថិភាពបំផុតមួយ លើពិភពលោក ដែលងាយស្រួលសម្រាប់អ្នកទេសចរជាស្ត្រី។

៣. ប្រទេសអូទ្រីស

ប្រទេសអូទ្រីស ជាគោលដៅទេសចរណ៍ ដែលមានទេសភាពស្រស់ស្អាត មានព្រិលទឹកកក ភ្នំទឹកកក ព្រៃឈើស្រស់ស្អាត និងបឹងធម្មជាតិ។ ដូចនេះ អូទ្រីសត្រូវបានគេស្គាល់ជា ប្រទេសសម្បូរធនធានធម្មជាតិ ស្រស់ស្អាត និងរក្សានូវភាពស្ងប់ស្ងាត់ ល្អបំផុតសម្រាប់អ្នក ចាកចេញពីទីក្រុង ទៅប្រើពេលសម្រាប់ខ្លួនឯង ជាមួយនឹងធម្មជាតិ។ ផ្នែកសុវត្ថិភាពវិញ អូទ្រីស ជាប់ចំណាត់ថ្នាក់ទី៤ ពី International Women’s Travel Center ជាប្រទេសសុវត្ថិភាពបំផុត សម្រាប់ស្ត្រីទេសចរម្នាក់ឯង នៅទ្វីបអឺរ៉ុប។

៤. ប្រទេសអ៊ីសឡង់

អ៊ីសឡង់ ជាប្រទេសមានផ្ទៃ ១៥% គ្របដណ្ដប់ដោយទឹកកក ប៉ុន្តែក៏មានតំបន់ភ្នំភ្លើង តំបន់ឆ្នេសមុទ្រ ហើយទីក្រុង Reykjavik ក៏ល្បីល្បាញសម្រាប់រីករាយ ជីវិតពេលរាត្រីផងដែរ។ ដូចនេះ ប្រទេសអ៊ីសឡង់ ផ្ដល់បទពិសោធន៍ដំណើរកម្សាន្ដផ្សងព្រេងដ៏ប្លែក នៅអឺរ៉ុប រីករាយជាមួយនឹងវប្បធម៌ប្លែក ព្រមទាំងចំណាយពេលរាត្ រីក៏សប្បាយផងដែរ។ ប្រទេសអ៊ីសឡង់ ស្ថិតនៅចំណាត់ថ្នាក់លេខ១ ពីស្ថិតិ Global Peace Index ជាប្រទេសមានសន្ដិភាពបំផុត ដែលល្អសម្រាប់អ្នកទេសចរ ជាស្ត្រីធ្វើដំណើរម្នាក់ឯង។

៥. ប្រទេសស្វីស

ស្វីស ត្រូវបានគេស្គាល់ថាជាប្រទេស មានទេសភាពធម្មជាតិ ស្រស់ស្អាតបំផុតលើលោក ប្រទេសផលិតនាឡិកាល្អបំផុតលើលោក ប្រទេសវប្បធម៌ចម្រុះជាតិសាស្ត្រ និងទីក្រុងមានភាពចម្រុះ កណ្ដាលទ្វីបអឺរ៉ុប។ ផ្នែកសុវត្ថិភាពវិញ ប្រទេសស្វីស ស្ថិតនៅចំណាត់ថ្នាក់ទី៧ ពីស្ថិតិ Global Peace Index ជាប្រទេសមានសន្ដិភាពបំផុត ដែលផ្ដល់សុវត្ថិភាព សម្រាប់ភ្ញៀវទេសចរជាស្ត្រី និងផ្ដល់បទពិសោធន៍ទេសចរណ៍ មិនអាចបំភ្លេចបាន។

 

ប្រភព៖ Times Of India