ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី តម្លៃសរុបប្រមាណ ៦២លានដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យ ដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី ២៤តុលានេះ!


មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី ២៤ តុលាឆ្នាំ ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងការសម្ពោធដាក់ឲ្យដំណើរការ ជាផ្លូវការនូវ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ ដែលមានទីតាំងនៅ ក្រុងសែនមនោរម្យ និងស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលមានតម្លៃសរុបប្រមាណ ៦២លានដុល្លារអាមេរិក។

តាមរយៈហ្វេសបុកផេកផ្លូវការរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កញ្ចប់ថវិកាខាងលើនេះ គឺស្ថិតនៅក្រោម ក្របខ័ណ្ឌឥណទានមូលនិធិ ទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ហើយសមិទ្ធផលនេះ បានកើតឡើង មិនមែនជាការចៃដន្យនោះទេ គឺបានមកពីកិច្ចខិតខំប្រឹងប្រែង និងសាមគ្គីភាព រួមទាំងការឯកភាពផ្ទៃក្នុង, ជាពិសេសកិច្ចសហការ ដ៏ល្អប្រពៃរវាង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងធនធានទឹក និង ឧតុនិយម ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផងដែរ ហើយក៏បានស្តែងចេញនូវ សមិទ្ធផលជាច្រើននៅ ទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែក សមិទ្ធផលនៅខេត្តមណ្ឌលគិរី តែម្តង។

គួរឲ្យដឹងដែរថា ទំនប់អូរតេធិបតី បូករួមនឹងទំនប់លើ និងទំនប់ក្រោម (ទំនប់សែនមនោរម្យ និងទំនប់សែនសុខដុម) ជាគម្រោងអភិវឌ្ឍន៍ធនធាន ទឹកសម្រាប់ពហុវិស័យ ក្នុងខេត្តមណ្ឌលគិរី ដែលបានអនុវត្តការសាងសង់ អស់រយៈពេលប្រមាណ ៣ឆ្នាំ ចាប់ពីខែតុលា ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ បានឱ្យដឹងថា ទំនប់អូរតេធិបតី ដែលមានទីតាំងស្ថិតក្នុងស្រុកអូររាំង មានសមត្ថភាពស្តុកទឹកបានប្រមាណ ១២លានម៉ែត្រគូប និងមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា៖ ទំនប់បេតុងប្រវែង ៣០៦ម៉ែត្រ កម្ពស់ ២០ម៉ែត្រ មានតួទំនប់ជាស្ពានធ្វើចរាចរណ៍ឆ្លងកាត់បាន, សំណង់បង្ហូរបេតុងប្រវែង ១០០ម៉ែត្រ កម្ពស់ ១៥ម៉ែត្រ និងទ្វារទឹកសម្អាតអាងចំនួន ២ទ្វារ សំណង់ការពារជើងទេរប្រវែង ៣ ១៧៦ម៉ែត្រ, អគារការិយាល័យ និងសហគមន៍កសិករប្រើប្រាស់ទឹកចំនួន ១ខ្នង, ស្ថានីយភ្លើងដំឡើងត្រង់ស្វូរ ១ឈុត និងម៉ាស៊ីនភ្លើង ១ឈុត, ផ្លូវបេតុងក្រវាត់ជុំវិញអាងប្រវែង ៣ ១៧៦ម៉ែត្រ និងផ្លូវបេតុងចូលទៅកាន់ទំនប់ប្រវែង ៣ ០៦១ម៉ែត្រ និងស្ពានបេតុងចំនួន ៣កន្លែង មានប្រវែងសរុប ៣០៤ម៉ែត្រ។

ដោយឡែក ទំនប់លើ (ទំនប់សែនមនោរម្យ) ជាទំណប់ ស្ថិតក្នុងក្រុងសែនមនោរម្យ មានសមត្ថភាពស្តុកទឹកបានប្រមាណ ២១ម៉ឺនម៉ែត្រគូប និងមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា៖ ផ្ទៃអាងទំហំ ៤,២ហិកតា,ទំនប់អាងប្រវែង ៧៩៩ម៉ែត្រ, ទំនប់ និងផ្លូវជុំវិញអាងប្រវែង ៩៦០ម៉ែត្រ,សំណង់សិល្បការលម្អជើងទេ មានទំហំ ៥,១១៦ម៉ែត្រការ៉េ និងប្រព័ន្ធលូដោះទឹកកខ្វក់ ប្រវែង ៧៩៩ម៉ែត្រ។

សម្រាប់ទំនប់ក្រោម (ទំនប់សែនសុខដុម) ជាទំនប់ស្ថិតក្នុងក្រុងសែនមនោរម្យផងដែរ។ ទំនប់នេះ មានសមត្ថភាពស្តុកទឹកបានប្រមាណ ២២ម៉ឺនម៉ែត្រគូប និងមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ដូចជា៖ ផ្ទៃអាងទំហំ ៤,៤២ហិកតា, ទំនប់អាងប្រវែង ១ ៤៨០ម៉ែត្រ, ទំនប់ និងផ្លូវជុំវិញអាងប្រវែង ១,៧២៣ម៉ែត្រ, សំណង់សិល្បការ្យលម្អជើងទេរមានទំហំ ៧,៨៨៦ម៉ែត្រការ៉េ និងប្រព័ន្ធលូដោះទឹកកខ្វក់ប្រវែង ១, ៧២៣ម៉ែត្រ។

គូសសម្គាល់ផងថា គម្រោងអភិវឌ្ឍន៍ធនធានទឹក សម្រាប់ពហុវិស័យនៅក្នុងខេត្តមណ្ឌលគិរីនេះ គឺជាផ្នែកមួយនៃផែនការមេ របស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់ធនធានទឹកដល់ គ្រប់វិស័យបម្រើដល់សេចក្តី ត្រូវការរបស់ខេត្ត ហើយបណ្តាអាងទឹកក្នុងតំបន់នេះ ក៏នឹងទាក់ទាញកំណើនភ្ញៀវទេសចរ ផងដែរ។

 

ប្រភព៖ ហ្វេសបុកផេក សម្តេចធិបតី នាយករដ្ឋមន្ត្រី & FN