មកស្គាល់តំបន់បេតិកភណ្ឌពិភពលោកទាំង ១០ ដែលបានចុះបញ្ជីដោយ UNESCO ដំបូងគេបង្អស់


ចាប់តាំងពីឆ្នាំ ១៩៧៨ មកដល់ឆ្នាំ ២០២៤ តំបន់បេតិកភណ្ឌពិភពលោក មានសរុបចំនួន ១ ២២៣ កន្លែង ក្នុងនោះមានតំបន់វប្បធម៌ចំនួន ៩៥២ កន្លែង, តំបន់ធម្មជាតិ ២៣១ កន្លែង, តំបន់ប្រវត្តិសាស្ត្រផ្សាភ្ជាប់ នឹងធម្មជាតិ មានចំនួន ៤០ កន្លែង ដែលមានក្នុងប្រទេសចំនួន ១៦៨ ជុំវិញពិភពលោក។ ដូចនេះ យើងនឹងមកស្គាល់ តំបន់បេតិកភណ្ឌពិភពលោក ដែលបានចុះបញ្ជីដំបូងគេបង្អស់ ពីអង្គការ UNESCO អភិរក្សសម្រាប់មនុស្សជាតិ។

១. ឧទ្យានជាតិប្រវត្តិសាស្ត្រ L’Anse aux Meadows ប្រទេសកាណាដា

ឧទ្យានជាតិប្រវត្តិសាស្ត្រ L’Anse aux Meadows ស្ថិតនៅកោះ Newfoundland ប្រទេសកាណាដា ជាតឹកតាងប្រវត្តិសាស្ត្រ ដែលបានបង្ហាញពីវត្តមាន របស់ពួកនាវាចរអឺរ៉ុប បានមកជាន់នៅទឹកដី ទ្វីបអាមេរិចខាងជើងដំបូង ក្នុងសតវត្សទី ១១។ តាមរយៈការធ្វើកំណាយ គេបានរកឃើញសំណង់ផ្ទះ និងរចនាបទ ដូចទាំងស្រុង ទៅនឹងសំណង់ក្រុមនាវាចរអឺរ៉ុប ដែលឃើញមាននៅប្រទេស Iceland និង Greenland អំឡុងពេលនោះ។ តំបន់សួនឧទ្យាននេះ បានអភិរក្ស ការពារដោយរដ្ឋាភិបាលកាណាដា នៅឆ្នាំ១៩៧៧ និងបានចុះបញ្ជីជាសម្បត្តិ បេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៧៨។

២. ឧទ្យានជាតិ Nahanni ប្រទេសកាណាដា

ស្ថិតនៅភាគពាយ័ព្យ នៃប្រទេសកាណាដា តាមជ្រលងទន្លេ South Nahanni ឧទ្យានជាតិ Nahanni មានទំហំសរុប ៤៧០ ០០០ ហិកតា មានបញ្ចូលគ្រប់ផ្នែកទាំងអស់ នៃសណ្ឋានដីទន្លេ នៅអាមេរិចខាងជើង។ ឧទ្យានជាតិនេះ រួមមាន៖ ទឹកជ្រោះធំៗ, ភ្នំថ្មក្រានីត, ជ្រលងអន្លង់ Canyon, ល្អាងភ្នំថ្មកំបោរ, និងភ័ស្ដុតាងនៃទន្លេបុរាណ។ ឧទ្យានជាតិ Nahanni បានអភិរក្សដោយរដ្ឋាភិបាល នៅឆ្នាំ១៩៧២ និងបានចុះបញ្ជីជា សម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ ១៩៧៨។

៣. កោះ Galapagos ប្រទេសអេក្វាទ័រ

ស្ថិតនៅចម្ងាយប្រមាណ ១ ០០០ គីឡូម៉ែត្រពីដីគោក ទ្វីបអាមេរិច កោះ Galapagos ត្រូវបានព័ទ្ធជុំវិញដោយកោះចំនួន ១៩ ផ្សេងទៀត ស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលសំបូរទៅដោយជីវចម្រុះ និងសត្វសមុទ្រកម្រ មិនធ្លាប់ឃើញមាននៅតំបន់ផ្សេងទៀត។ កោះ Galapagos ជាលំនៅដ្ឋានរបស់អំបូរ សត្វកម្រជាច្រើន ដូចជា ទាសមុទ្រជើងពណ៌ខៀវ អណ្ដើកយក្ស បង្គួយសមុទ្រ និងបក្សីស្លាបខ្លី flightless cormorants ជាដើម។ តំបន់នេះ ត្រូវបានរៀបចំជាឧទ្យានជាតិ របស់ប្រទេសអេក្វាទ័រ នៅឆ្នាំ១៩៥៩ និងបានចុះបញ្ជីជាសម្បត្តិ បេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៧៨។

៤. ទីក្រុង Quito ប្រទេសអេក្វាទ័រ

ទីក្រុង Quito ជារដ្ឋធានី ប្រទេសអាក្វាទ័រ ដែលត្រូវបានសាងសង់ឡើង អំឡុងសតវត្សទី១៦ លើទីតាំងអតីតទីក្រុងចាស់មួយ នៃចក្រភព Inca។ នៅទីក្រុង Quito ត្រូវបានអភិរក្សយ៉ាងល្អ ទោះបីជាមានរញ្ជួយដីក៏ដោយ នៅទីនោះ យើងនឹងបានឃើញ សាលារៀនបែបបារ៉ុក សំណង់បែបអេស្ប៉ាញ សំណង់បែបជនជាតិដើមអេក្វាទ័រ ព្រះវិហារសាន់ហ្វ្រាន់ស៊ីស្កូ និងសាន់តូ ដូមីងហ្គូ សាកលវិទ្យាល័យសាសនាគ្រិស្ទ និងព្រះវិហារ Church of La Compañía ដែលមានអាយុកាលចំណាស់។ ទីក្រុងនេះ ត្រូវបានចុះបញ្ជីទៅក្នុងសម្បត្តិ បេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៧៨។

៥. ឧទ្យានជាតិ Simien ប្រទេសអេត្យូពី

ឧទ្យានជាតិ Simien មានទំហំ ២២០ គីឡូម៉ែត្រការ៉េ ស្ថិតនៅភាគខាងកើត នៃទ្វីបអាហ្រ្វិក ជាតំបន់ជួរភ្នំ ដែលមានទេសភាពស្រស់ស្អាត ប្រៀបដូចជា Grand Canyon នៅសហរដ្ឋអាមេរិច និងជាផ្ទះរបស់អម្បូរសត្វកម្រជាច្រើន ដូចជា៖ ពពែ Walia ibex (ដែលមានតែក្នុងតំបន់នេះប៉ុណ្ណោះ), សត្វស្វា Gelada baboon, កញ្ជ្រោង Simien fox, ខ្លារខិន, ឆ្កែចចក Hyena, និងអំបូរសត្វស្លាបជាង ៤០០ ប្រភេទ។ តំបន់នេះ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតកភណ្ឌពិភពលោក នៅឆ្នាំ ១៩៧៨។

៦. ព្រះវិហារ Rock-Hewn ទីក្រុង Lalibela ប្រទេសអេត្យូពី

នៅអំឡុងសតវត្សទី១២ សាសនាអីស្លាម បានសាយភាពឥទ្ធិពល ជុំវិញតំបន់មជ្ឈឹមបូព៌ា ធ្វើអោយគ្រិស្ទសាសនិក គ្មានទីតាំងធ្វើធម្មយាត្រា ទើបធ្វើអោយស្តេចនៅទីក្រុង Lalibela យកទីតាំងនេះ កសាងព្រះវិហារសាសនាគ្រិស្ទ ដើម្បីក្លាយទៅជា ក្រុងយេរូសាឡឹមថ្មី (New Jerusalem) ប្រទេសអេត្យូពី។ ព្រះវិហារនេះ ត្រូវបានកសាងដោយជីករូងភ្នំ ចំនួន ១១ ព្រះវិហារ ដែលបានប្រើប្រាស់គោរពបូជា រហូតមកដល់បច្ចុប្បន្ន។ តំបន់នេះ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតកភណ្ឌពិភពលោក នៅឆ្នាំ ១៩៧៨ ដូចគ្នា។

៧. ព្រះវិហារ Aachen Cathedral ប្រទេសអាល្លឺម៉ង់

Aachen Cathedral ជាសំណង់ព្រះវិហារដ៏ចំណាស់ ជាងគេមួយ នៅអឺរ៉ុប គឺជាព្រះមេរុហ៍របស់អធិរាជ Charlemagne បានបញ្ចុះសពនៅទីនេះ ក្នុងឆ្នាំ៨១៤ និងក្លាយទៅជាទីតាំងអភិសេក ឡើងគ្រងរាជព្រះមហាក្សត្រអាល្លឺម៉ង់ ចំនួន ៣១ អង្គ។ ក្រោយមកបានប្រែក្លាយ ទៅជាព្រះវិហារ ចន្លោះពីឆ្នាំ ១៨០៣ ដល់ ឆ្នាំ១៨២៥។ ព្រះវិហារនេះ បានចុះចូលក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៧៨។

៨. មជ្ឈមណ្ឌលប្រវត្តិសាស្ត្រ Krakow ប្រទេសប៉ូឡូញ

Krakow ធ្លាប់ជារាជធានី របស់ប្រទេសប៉ូឡូញ មានប្រវត្តិសាស្ត្រចាប់ពីសតវត្សទី១៣ ធ្លាប់ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្លាស់ប្ដូរទំនិញធំបំផុត និងមានសាកលវិទ្យាល័យ ចំណាស់ជាងគេ នៅអឺរ៉ុប។ តំបន់នោះ ក៏មានព្រះវិហារ Royal Wawel Castle ដែលចាប់ផ្ដើមកសាង តាំងពីសតវត្សទី១១ សម្រាប់តម្កល់វត្ថុមានតម្លៃ របស់ព្រះមហាក្សត្រផង និងជាព្រះវិហារ Cathedral ផង ថែមទាំងប្រើប្រាស់សម្រាប់ ប្រារព្ធកម្មវិធីព្រះមហាក្សត្រ ដូចជា គ្រងរាជ្យសម្បត្តិ រៀបអភិសេក និងបុណ្យព្រះសពសោយទីវង្គត់។ តំបន់នេះ ត្រូវបានចុះចូលក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៧៨។

៩. តំបន់រុករករ៉ែ អំបិលថ្ម Wieliczka និង Bochinia ប្រទេសប៉ូឡូញ

តំបន់ Wieliczka និង Bochinia បានបង្ហាញពីការអភិវឌ្ឍនៃ ឧស្សាហកម្មរុករករ៉ែ ចំណាស់ជាងគេនៅអឺរ៉ុប ដែលគ្រប់គ្រងដោយ ព្រះមហាក្សត្រ តាំងពីសតវត្សទី១៣។ មកដល់សតវត្សទី២០ អណ្ដូងរ៉ែទាំង ២ បានប្រែក្លាយទៅជា តំបន់វប្បធម៌ប្រវត្តិសាស្ត្រដ៏ធំមួយ ដែលមានតាំងស្នាដៃសិល្បៈ រូបចម្លាក់ឆ្លាក់ដោយអំបិល ព្រះវិហារក្រោមដី និងទីតាំងរៀបចំធម្មយាត្រា ប្រៀបដូច ការវិលទៅកាន់អតីតកាល។ តំបន់នេះ ត្រូវបានចុះចូលក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៧៨។

១០. កោះ Goree ប្រទេស Senegal

ចាប់ពីសតវត្សទី១៥ ដល់សតវត្សទី១៩ កោះ Goree ធ្លាប់ជាមជ្ឈមណ្ឌលជួញដូរទាសករដ៏ធំបំផុត នៅឆ្នេរសមុទ្រអាហ្រ្វិក គ្រប់គ្រងដោយជនជាតិ ព័រទុយហ្គាល់ ហូឡង់ អង់គ្លេស និងបារាំង។ តាមការប៉ាន់ស្មាន មានទាសករអាហ្វ្រិកប្រមាណ ២០ លាននាក់ ត្រូវបានគេជួញដូរតាមកោះ Goree នេះ ទៅកាន់ទ្វីបអាមេរិក និងអឺរ៉ុប។ សព្វថ្ងៃ កោះនេះត្រូវបានកសាង ជាសារមន្ទីរ នៃការចងចាំអំពីការជួញដូរមនុស្ស ហើយក៏ជាសារមន្ទីរ សម្រាប់ការផ្សះផ្សាជាតិផងដែរ។ តំបន់នេះ ត្រូវបានចុះចូលក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៧៨ ដូចគ្នា។

 

ប្រភព៖ CNN Travel