កម្ពុជា គម្រោងទិញ ថាមពលអគ្គិសនីស្អាតបន្ថែមទៀត ពីប្រទេសឡាវ វៀតណាម និងថៃ ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ថាមពល នៅក្នុងប្រទេស។ នៅឆ្នាំ២០២៦ យើងនឹងនាំចូល ថាមពលពីបរទេសជាង ៥០% បន្ថែមលើការនាំចូលបច្ចុប្បន្ន ឬស្មើនឹងការទិញថាមពលជាង ៦០០ មេហ្គាវ៉ាត់បន្ថែមពី ប្រទេសជិតខាង យោងតាមប្រសាសន៍ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ផ្ដល់កិច្ចសម្ភាសន៍ជាមួយ សារព័ត៌មាន Reuters ក្នុងកម្មវិធី Singapore Internation Energy Week។
ប្រទេសកម្ពុជា នឹងទិញថាមពលអគ្គិសនី ដើរដោយសូឡានិងវារីអគ្គិសនី អនុភាព ៣០០ មេហ្គាវ៉ាត់ បន្ថែមពីប្រទេសឡាវ ដោយចាប់ផ្ដើមពីឆ្នាំ ២០២៦ ខណៈដែលកិច្ចព្រមព្រៀងនេះ បានចុះហត្ថលេខារួចរាល់ រវាងប្រទេសទ្វេភាគី កាលពីសប្ដាហ៍មុន។ មួយផ្នែកទៀត កម្ពុជា នឹងទិញថាមពលពី ប្រទេសវៀតណាម មានអានុភាព ៣០០ មេហ្គាវ៉ាត់ ដោយការចរចារប្រព្រឹត្តិរួចរាល់ និងរង់ចាំតែការអនុម័តពី រាជរដ្ឋាភិបាលប៉ុណ្ណោះ និងអាចទិញថាមពលអគ្គិសនី ១០០ មេហ្គាវ៉ាត់បន្ថែម ពីប្រទេសថៃ ផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា បាននាំចូលថាមពលអគ្គិសនីសរុប ពីប្រទេសជិតខាង ១ ០៣០ មេហ្គាវ៉ាត់ យោងតាមរបាយការណ៍ពី US International Trade Administration ដែលស្មើនឹង ១ ភាគ ៤ នៃថាមពលប្រើប្រាស់សរុប នៅក្នុងប្រទេសកម្ពុជា។ ដូចនេះ ការបញ្ជាទិញថាមពលអគ្គិសនីជាង ៦០០ មេហ្គាវ៉ាត់ ឬលើសពី ៥០% បន្ថែមពីប្រទេសជិតខាង បង្ហាញអំពីសក្ដានុពលពង្រីក ការផ្គត់ផ្គង់ថាមពលស្អាតនៅកម្ពុជា ការតភ្ជាប់ថាមពលទូទាំងប្រទេស ជាមួយតម្លៃសមរម្យ និងផ្តល់ភាពបត់បែន ដោយមិនពឹងផ្អែក តែវារីអគ្គិសនីក្នុងស្រុកឡើយ ពីព្រោះវាអាចមាន ការថយចុះថាមពលផ្គត់ផ្គង់ នៅរដូវប្រាំង ឬអស្ថិរភាពអគ្គិសនី។
ម្យ៉ាងវិញទៀត គម្រោងនេះស្របទៅនឹង ផែនការរាជរដ្ឋាភិបាល នឹងជម្រុញកម្ពុជា អោយក្លាយទៅជាប្រទេសមាន ប្រើប្រាស់ថាមពលស្អាតអោយបាន ៧០% នៅត្រឹមឆ្នាំ២០៣០ និងផែនការតភ្ជាប់ បណ្ដាញអគ្គិសនី អាស៊ីអាគ្នេយ៍ ជាបណ្ដាញចែកចាយថាមពល ក្នុងតំបន់ ដើម្បីធានាថា គ្មានប្រទេសណាមួយមាន កង្វះខាតថាមពលឡើយ ហើយឯកឧត្តម រដ្ឋមន្ត្រីរំពឹងថា នៅត្រឹមឆ្នាំ២០៣៥ គម្រោងតភ្ជាប់ថាមពលអាស៊ាន នឹងអាចអនុវត្តចេញជាផ្លែផ្កា។
ប្រភព៖ Bangkok Post