ចម្លាក់បដិមាទ្វារបាល ចំនួន១២ ធ្វើពីថ្មភក់ ត្រូវបានរកឃើញ នៅខ្លោងទ្វារខាងជើងព្រះបរមរាជវាំង នៃក្រុងអង្គរធំ កាលពីពេលថ្មីៗនេះ!


សៀមរាប៖ យោងតាមរបាយការណ៍ព័ត៌មាន ដែលចេញផ្សាយដោយ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២៨ តុលានេះ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា សហការជាមួយ ក្រុមការងាររដ្ឋាភិបាលចិន-កម្ពុជា ដើម្បីថែរក្សារមណីយដ្ឋានអង្គរ(CCSA) បានប្រទះឃើញ ចម្លាក់បដិមាទ្វារបាល ចំនួន១២ ធ្វើពីថ្មភក់ ក្នុងពេលធ្វើកំណាយស្រាវជ្រាវ នៅខ្លោងទ្វារជើង ជ្រុងខាងលិចនៃព្រះបរមរាជវាំង នៃក្រុងអង្គរធំ។

ក្នុងនោះដែរ លោក សន ចាន់ថន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចម្លាក់ទ្វារបាលធ្វើពីថ្មភក់ចំនួន១២ ត្រូវបានក្រុមអ្នកបុរាណវិទ្យា ធ្វើកំណាយស្រាវជ្រាវ នៅខ្លោងទ្វារជើងព្រះបរមរាជវាំង នៃក្រុងអង្គរធំ ដើម្បីសិក្សាស្រាវជ្រាវ រចនាសម្ពន្ធនៃខ្លោងទ្វារ និងស្វែងរកថ្ម ដែលជ្រុះធ្លាក់ ដើម្បីជួសជុលខ្លោងទ្វារនេះឡើងវិញ។

លោកក៏បាន ឱ្យដឹងទៀតថា ចម្លាក់បដិមាទ្វារបាលទី១២ ដែលទើបរកឃើញនេះ ស្ថិតនៅក្នុងដីជម្រៅ១៤០សង់ទីម៉ែត្រ គឺស្រទាប់ដី គ្រឹះសម័យកាលកសាង គឺអាចថា ចម្លាក់នេះ បានធ្លាក់អស់រយៈពេលជាយូរមកហើយ។ ចម្លាក់បដិមាទ្វារបាលទាំង១២ ដែលមួយចំនួនធ្លាក់ នៅរាយប៉ាយលើដីក្បែរខ្លោងទ្វារ គឺមានទំហំ និងទម្រង់ខុសៗគ្នាទៅតាមជាន់នីមួយៗ។ លោក ចាន់ថន បញ្ជាក់ថា ចម្លាក់ទ្វារបាលនៅជាន់ទី១ មានកម្ពស់១១០សង់ទីម៉ែត្រ និងជាន់ទី២ មានកម្ពស់១០០សង់ទីម៉ែត្រ មួយចំនួន នៅមានរូបរាងនៅលល្អពេញលេញ ខ្លះទៀត ខូចខាតដោយអន្លើ ដោយសារធ្លាក់ពីកម្ពស់ខ្ពស់។ ចំណែក រូបចម្លាក់ទ្វារបាលនីមួយៗមានលម្អគ្រឿងអលង្ការ សក់ ផ្ទៃមុខខុសៗគ្នា។

ក្រោយពីបានរកឃើញចម្លាក់ទ្វារបាលទាំងអស់នេះ ក្រុមការងារបានកំណត់ ទីតាំងដើម ចុះបញ្ជី ថតរូប រៀបចំឯកសារ មុនឈានដល់ ការលើកមកសម្អាត និងជួសជុល ដើម្បីយកទៅដាក់នៅទីតាំងដើម។ ក្រុមអ្នកជំនាញសន្និដ្ឋានថា ចម្លាក់បដិមាទ្វារបាល ដែលប្រទះឃើញ គឺស្ថិតក្នុងរចនាប័ទ្មឃ្លាំង ដែលស្របពេលជាមួយគ្នានៃ ការកសាងព្រះបរមរាជវាំង ស្ថិតនៅសតវត្សរ៍ទី១១។

 

ប្រភព៖ អាជ្ញាធរជាតិអប្សរា