កោះឯកជនមួយ ក្នុងប្រទេសថៃ ដាក់លក់ក្នុងតម្លៃខ្ទង់ ៥៣ លានដុល្លារ


កោះឯកជនតូចមួយនោះ ស្ថិតនៅចម្ងាយប្រមាណ ៣៥ គីឡូម៉ែត្រពីដីគោក ខេត្តត្រាត មានឆ្នេរខ្សាច់ឯកជន ប្រវែងជាង ៣០០ ម៉ែត្រ មានរីសត ដែលមិនទាន់សាងសង់រួច ប៉ុន្តែស្ថិតនៅតំបន់សមុទ្រខៀវស្រងាត់ សម្បូរដោយផ្កាថ្ម និងថ្មភ្នំភ្លើងដុះឡើងមក មានចម្ងាយត្រឹម ១ គីឡូម៉ែត្រ ប៉ុណ្ណោះពីកោះ Koh Mak ត្រូវបានម្ចាស់ដាក់លក់ កោះទាំងមូល ក្នុងតម្លៃ ១,៨ ពាន់លានបាត ឬប្រហែល ៥៣ លានដុល្លារ។

កោះឯកជនមួយនេះ ស្ថិតនៅក្នុងតំបន់ប្រជុំកោះ Koh Kham មានទំហំសរុប ១,៦ ហិកតា ត្រូវបានម្ចាស់ដាក់លក់ជាមួយ នឹងរីសតលំហែកាយ ក្នុងតម្លៃ ១,៨ ពាន់លានបាត ដែលមហាសេដ្ឋី អ្នកមានអាចពិចារណាបាន។ អាជ្ញាធរខេត្តត្រាត បានបង្ហាញថា កោះឯកជនមួយនេះ ត្រូវបានដាក់លក់ និងប្ដូរម្ចាស់ជាច្រើន លើកមកហើយ ប៉ុន្តែបច្ចុប្បន្ន ជាកម្មសិទ្ធរបស់ម្ចាស់ភោជនីយដ្ឋានមួយកន្លែង នៅខេត្ត Chon Buri ហើយត្រូវបានដាក់លក់កោះនេះ បន្ដទៀត ទំនងជាពិបាកស្វែងរកភ្ញៀវ ជួលរីសតនៅលើនោះ។

អជ្ញាធរតំបន់ប្រជុំកោះ Koh Kham បានប្រាប់សារព័ត៌មាន Bangkok Post ថា កោះឯកជនមួយនេះ ត្រូវបានម្ចាស់សាងសង់រីសត ប៉ុន្តែមិនទាន់បញ្ចប់ទេ ដោយមានកំពង់ផែទូក និងស្ពានប្រវែង ១៥០ ម៉ែត្រ បូករួមទាំងការអភិវឌ្ឍន៍ដីថ្មីចាក់ចូលសរុប្រវែង ៤៨០ ម៉ែត្រទៀត។ យ៉ាងណាមិញ កោះនេះតូច និងស្ថិតនៅឆ្ងាយពីដីគោក ដែលពិបាកសម្រាប់ស្វែងអ្នកជួល ឬទាក់ទាញភ្ញៀវទេសចរ។

ម្យ៉ាងទៀត អជ្ញាធរខេត្តត្រាត លើកឡើងថា យើងមិនចាំបាច់មានលុយដល់ ១,៨ ពាន់លានបាត ឬជាង ៥៣ លានដុល្លារ ដើម្បីបានកោះនោះទេ ព្រោះថាយើងអាចជួលទូកជិះ ទៅកាន់តំបន់ផ្សេងទៀតនៅកោះ Koh Kham ដើម្បីមុជទឹក មើលផ្កាថ្ម និងកម្សាន្ដឆ្នេរខ្សាច់ នៅលើកោះសាធារណៈ ជាច្រើនទៀត ដែលគ្រប់គ្រងដោយរដ្ឋ ទើបធ្វើអោយកោះឯកជននេះ ហាក់ដូចជាមិនសូវទាក់ទាញវិនិយោគិន ឬមហាសេដ្ឋី ធ្វើជាម្ចាស់ថ្មីនៅឡើយ។

 

ប្រភព៖ Bangkok Post