ផ្លូវក្រោមដី ឆ្លងកាត់ទន្លេសៃហ្គន ឬគេស្គាល់ថា Thu Thiem Tunnel ជាហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ នៅទីក្រុងហូជីមិញ ដែលមិនត្រឹមតែជួយសម្រួល ដល់ការធ្វើដំណើរ និងសុវត្ថិភាពប៉ុណ្ណោះទេ ថែមទាំងបង្កើននូវទិដ្ឋភាពស្រស់ស្អាតដល់ទីក្រុងផងដែរ។ ថ្វីត្បិតតែ គម្រោងនេះបាន បើកដំណើរការ ជាងមួយទសវត្សមកហើយ ប៉ុន្តែវាត្រូវគេចាត់ទុកជាផ្លូវក្រោមទន្លេ ដ៏ទំនើបមួយនៅអាស៊ីអាគ្នេយ៍ ដូចនេះយើងនឹងមកស្គាល់ផ្លូវក្រោមទន្លេ ដំបូងនៅទីក្រុងហូជីមិញ។
គម្រោង Thu Thiem Tunnel ជាផ្លូវក្រោមទន្លេសៃហ្គន តភ្ជាប់ពីផ្លូវ Vo Van Kiet ក្នុងសង្កាត់លេខ១ ទៅកាន់ផ្លូវ Mai Chi Tho តំបន់អភិវឌ្ឍថ្មី Thu Thiem នៃសង្កាត់លេខ២ ទីក្រុងហូជីមិញ។ គម្រោងនេះ ត្រូវបានបើកការដ្ឋានសាងសង់ ២០ ឆ្នាំមកហើយ តាំងពីឆ្នាំ២០០៤ និងបើកប្រើប្រាស់ជាផ្លូវការ នៅឆ្នាំ២០១១ ដោយផ្លូវក្រោមដីនេះ ប្រើប្រាស់បច្ចេកវិទ្យាសាងសង់ទំនើប បែងចែកចេញជា ៤ ផ្នែកបំពង់ក្រោមដី ទទឹង ៣៣ ម៉ែត្រ កម្ពស់ ៩ ម៉ែត្រ ដោយប្រើប្រាស់បំពង់សរុប មានទម្ងន់ ២៧ ០០០ តោន និងបំពាក់ប្រព័ន្ធការពាររញ្ជួយដី ៦ កន្លែង ធានាអាយុកាលប្រើប្រាស់ជាង ១០០ ឆ្នាំ។
គម្រោងផ្លូវក្រោមទឹក Thu Thiem Tunnel មានប្រវែងសរុប ១ ៤៩០ ម៉ែត្រ ដោយចែកចេញជា ៦ គន្លងផ្លូវ (ផ្លូវរថយន្ដ ២ ទៅ ២ មក និង ផ្លូវម៉ូតូ ២ គន្លង) សម្រួលដល់ការធ្វើដំណើរ រថយន្ដប្រមាណ ៤៥ ០០០ គ្រឿង និងម៉ូតូ ១៥ ០០០ គ្រឿងជាមធ្យម ប្រចាំថ្ងៃ ព្រមទាំងបើកផ្លូវដល់នាវាដឹកជញ្ជូនទំនិញ ឆ្លងកាត់តាមទន្លេសៃហ្គន យ៉ាងងាយស្រួល។ គម្រោងនេះ ម៉ៅការសាងសង់និងរចនាប្លង់ ដោយសម្ព័ន្ធក្រុមហ៊ុនសាជីវកម្មជប៉ុន ចំនួន ៤ គឺក្រុមហ៊ុន Obayashi, ក្រុមហ៊ុន Taisei, ក្រុមហ៊ុន Kumagai-Kajima និងក្រុមហ៊ុន Toa ក្រោមកម្ចីឥណទាន ODA (Official Development Assistant) តាមរយៈអង្គការ JICA ) ដោយប្រើប្រាស់ថវិកាសាងសង់ជិត ៣៩០ លានដុល្លារ។
ក្រៅពីសម្រួលដល់ការធ្វើដំណើរ គម្រោងនេះ ក៏បម្រើដល់ការលំហែកម្សាន្ដក្នុងទីក្រុងផងដែរ ដោយផ្នែកខាងលើ Thủ Thiêm Tunnel Park ជាលំហរបៃតង ទាក់ទាញពិសេសយុវវ័យ មកលំហែកម្សាន្ដពេលល្ងាច និងពេលរាត្រី ជាមួយនឹងទេសភាពស្រស់ស្អាតមាត់ទន្លេ និងអាហារតាមផ្លូវ (Street food) ដ៏សម្បូរបែប។
ប្រភព៖ Road Traffic Technology