អន្តរជាតិ៖ យោងតាមប្រភពព័ត៌មានពី Seasia.co ដែលបានចេញផ្សាយនៅថ្ងៃទី ៣០ តុលាឆ្នាំ២០២៤ នេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោក Anwar Ibrahim បានធ្វើការប្រកាសជាសាធារណៈ ឲ្យដឹងកាលពីពេលថ្មីៗនេះថា ម៉ាឡេស៊ី គ្រោងនឹងប្រើប្រាស់រថយន្តអគ្គិសនី (EVs) ជាមធ្យោបាយដឹកជញ្ជូន ប្រមុខថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ាន កំឡុងពេលដែលខ្លួននឹងធ្វើជា ម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមួយនេះ នៅឆ្នាំក្រោយ។
គូសសម្គាល់ដែថា ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ី ចំពោះនិរន្តរភាពថាមពល និងស្របតាមគោលដៅ នៃការផ្លាស់ប្តូរថាមពល ទៅជាថាមពលស្អាត នៅក្នុងប្រទេស។
លោក Anwar នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានកត់សម្គាល់ថា ខណៈពេលដែល កិច្ចប្រជុំកំពូលអាស៊ាននាពេលកន្លងមក បានផ្តល់នូវយានជំនិះ ដែលដើរដោយឥន្ធនៈដ៏ប្រណិត សម្រាប់មេដឹកនាំនៃបណ្តាប្រទេស ជាសមាជិកអាស៊ាននោះ ឥឡូវនេះ ម៉ាឡេស៊ី មានបំណងធ្វើជាគម្រូមួយ ដោយការប្រើប្រាស់រថយន្ត EV ផ្តាច់មុខ សម្រាប់ជាមធ្យោបាយដឹកជញ្ជូន មេដឹកនាំរដ្ឋាភិបាល រដ្ឋមន្ត្រី និងមន្ត្រី ជាដើម។
នាយករដ្ឋមន្ត្រីរូបនេះ ក៏បានគូសបញ្ជាក់ផងដែរថា រថយន្ត EV នឹងជាជម្រើស ដែលមានប្រសិទ្ធភាពជាង បើធៀបនឹងរថយន្តបែបបុរាណ ដែលប្រើប្រាស់ឥន្ធនៈ និងបញ្ចេញចំហេះឧស្ម័នពុលទៅក្នុងបរិយាកាស។
ប្រភព៖ Seasia.co