អាកាសយានដ្ឋានសិង្ហបុរី នឹងលែងប្រើប្រាស់ សៀវភៅលិខិតឆ្លងដែន សម្រាប់បោះត្រា ចេញ-ចូល ក្នុងប្រទេសទៀតហើយ ដោយជំនួសមកវិញ នូវការស្កេនមុខ និងស្កេនប្រស្រីភ្នែក នៅស្នានីយ៍ (Terminal) ច្រកអន្តោប្រវេសន៍ ទាំង ៤ របស់ខ្លួន ដែលកាត់បន្ថយរយៈពេល ឆ្លងកាត់ច្រកអន្តោប្រវេសន៍ មកត្រឹម ២៥ វិនាទី ទៅ ១០ វិនាទីប៉ុណ្ណោះ ផ្ដល់សេវាកម្មអោយអ្នកដំណើរ កាន់តែងាយស្រួល កាន់តែរហ័ស។
ដំណើរការប្រព័ន្ធថ្មីនេះ បានចាប់ផ្ដើមសាកល្បង ចាប់ពីខែសីហាកន្លងទៅ សម្រាប់ជនជាតិសិង្ហបុរី អ្នកស្នាក់នៅ ប្រទេសិង្ហបុរីអចិន្ត្រៃយ៍ និងអ្នកស្នាក់នៅសិង្ហបុរីរយៈពេលវែង និងដាក់ដំណើរការជាផ្លូវការ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ ដោយអ្នកដំណើរ ត្រូវការបំពេញបែបបទ Singapore Arrival Card រយៈពេល ៣ ថ្ងៃ មុនការមកដល់ច្រកអន្ដោប្រវេសន៍ ហើយមានអ្នកឆ្លងដែនប្រមាណ ១,៥ លាននាក់មកហើយ ដែលឆ្លងកាត់ គិតត្រឹមថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៤។
សិង្ហបុរី ជាប្រទេសដំបូងគេក្នុងលោក ដែលអនុវត្តន៍ប្រព័ន្ធ Clearance System នេះក្នុងទ្រង់ទ្រាយធំ។ យ៉ាងណាមិញ សម្រាប់ជនជាតិបរទេស ត្រូវកាន់លិខិតឆ្លងដែន ពេលមកដល់ច្រកអន្តោប្រវេសន៍ និងអាចប្រើប្រាស់ប្រព័ន្ធនេះ នៅពេលចេញពីប្រទេសសិង្ហបុរីវិញ ដោយសារឯកសារ បានកត់ទុកក្នុងប្រព័ន្ធរួចរាល់។ ប៉ុន្តែគូសបញ្ជាក់ថា ម៉ាស៊ីននេះ មិនដំណើរសម្រាប់កុមារអាយុក្រោម ៦ ឆ្នាំនោះទេ។
លើសពីនេះទៀត សម្រាប់អ្នកដំណើរតាមច្រកម៉ាឡេស៊ី-សិង្ហបុរី រួមមានច្រក Woodlands និងច្រក Tuas តាមរយៈរថយន្ដ បានប្រើប្រាស់ប្រើប្រាស់ប្រព័ន្ធ QR Code ចាប់ពីខែមិនា និងម៉ូតូ បានប្រើប្រាស់ប្រព័ន្ធ QR Code ចាប់ពីខែសីហា មកម្ល៉េះ ដែលសម្រួលដល់ ការចេញចូលប្រទេស សម្រាប់អ្នកបម្រើការងារ ក្នុងប្រទេសសិង្ហបុរី (ពីប្រទេសម៉ាឡេស៊ី) ប្រមាណ ៧០% នៃអ្នកដំណើរតាមច្រកទាំង ២ កាន់តែងាយស្រួល និងរហ័ស។
ប្រភព៖ The Straits Times