កំពង់ធំ៖ បើយោងតាមប្រសាសន៍របស់ លោក ស៊ុយ កុកធាន អនុប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា (CAC) បាននិយាយកាលពីថ្ងៃទី ៣០ តុលាឆ្នាំ ២០២៤ នេះ បានឲ្យដឹងថា រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី CSNC ដ៏ធំបំផុត របស់ប្រទេសសិង្ហបុរី នៅកម្ពុជា ដែលមានតម្លៃប្រហែល ១២ លានដុល្លារ នឹងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៤ ហើយនឹងដាក់ឱ្យដំណើរការ នៅខែមីនា ឆ្នាំ២០២៥ ខាងមុខេនះហើយ។
រោងចក្រនេះ មានទំហំ ១២ ០០០ ម៉ែត្រការ៉េ ស្ថិតនៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាមួយនឹងទុនវិនិយោគដំបូងប្រហែល ១២ លានដុល្លារ ដែលជាការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុនCSNC និងម្ចាស់ភាគហ៊ុនក្នុងស្រុក។ វាមានសមត្ថភាព ផលិតគ្រាប់ស្វាយចន្ទីរហូតដល់ ៤០ តោនក្នុងមួយថ្ងៃ ឬជាង ១២ ០០០ តោនក្នុងមួយឆ្នាំ សម្រាប់ការនាំចេញ។ ផលិតផលគ្រាប់ស្វាយចន្ទី របស់កម្ពុជា បង្ហាញសក្តានុពលខ្លាំង នៅក្នុងទីផ្សារធំៗចំនួនបួន ដូចជា ចិន អឺរ៉ុប អារ៉ាប់រួម និងសហរដ្ឋអាមេរិក ជាដើម។
លោកអនុប្រធានសមាគមគ្រាប់ស្វាយចន្ទី បានបន្ថែមថា ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃដំបូង ពីរោងចក្រនឹងទៅកាន់ប្រទេសចិន ជាពិសេសទៅកាន់ខេត្ត Hainan គឺនឹងឆ្លងកាត់ ការវេចខ្ចប់មុននឹងឈានដល់ទីផ្សារលក់រាយ និងអ្នកប្រើប្រាស់។ បន្ថែមពីនេះ លោកក៏បានបង្ហាញជំនឿចិត្តថា ក្នុងរយៈពេល ៥ ទៅ ៦ ឆ្នាំខាងមុខ កម្ពុជាយើងនឹងអាចក្លាយជា អ្នកផលិតគ្រាប់ស្វាយចន្ទីលេខមួយ របស់ពិភពលោក ទៀតផង។
គួររម្លឹកផងដែរថា ឥណ្ឌា និងវៀតណាម គឺជាទីផ្សារនាំចេញចម្បង សម្រាប់គ្រាប់ស្វាយចន្ទីឆៅ ខណៈដែលប្រទេសចិន អឺរ៉ុប អារ៉ាប់រួម និងសហរដ្ឋអាមេរិក គឺជាទីផ្សារនាំចូល គ្រាប់ស្វាយចន្ទីពីកម្ពុជា។
យោងតាមក្រសួងកសិកម្ម កម្ពុជា មានផ្ទៃដីដាំស្វាយចន្ទីប្រមាណ ៥៨០ ១១៧ ហិកតា ជាប់ចំណាត់ថ្នាក់លេខបី ក្នុងពិភពលោកសម្រាប់ផ្ទៃដី ដាំដុះដំណាំនេះ។ ក្នុងឆ្នាំខ្លះ ទិន្នផលសរុបគឺប្រហែល ៧៨០ ០០០ តោន ខណៈឆ្នាំខ្លះទៀតវាអាចឡើងដល់ ប្រហែល ៩០០ ០០០ តោន។ ឆ្នាំនេះ ទិន្នផលសរុបត្រូវបានគេព្យាករណ៍ថា នឹងមានប្រហែល ៨០០ ០០០តោន។
ប្រភព៖ សមាគមគ្រាប់ស្វាយចន្ទីកម្ពុជា & ក្រសួងពាណិជ្ជកម្ម