គម្រោងអភិវឌ្ឍន៍ តំបន់ឈូងសមុទ្រក្រហម ដែលរួមមានប្រជុំកោះចំនួនជាង ៩០ អោយក្លាយទៅជា ឋានសួគ៌ទេសចរណ៍ ជាផ្នែកដ៏ធំមួយទៀត នៃផែនការអភិវឌ្ឍទេសចរណ៍ ប្រចាំប្រទេសអារ៉ាប៊ី សាអ៊ូឌីត ក្រៅពីការអភិវឌ្ឍតំបន់ទីក្រុងរីយ៉ាដ និងជាការធ្វើ ពិពិធកម្មសេដ្ឋកិច្ច ក្រៅពីការពឹងផ្អែកលើឧស្សាហកម្មរ៉ែ ប្រេង និងឧស្ម័ន ដែលត្រូវចំណាយទុនជាង ៥០០ ពាន់លានដុល្លារ និងត្រូវចំណាយពេលជិត ១ ទសវត្សរ៍ ដើម្បីបញ្ចប់។
គម្រោងយក្សនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Red Sea Development Company និង AMAALA ដែលបានចាប់ផ្ដើមកាលពីចុងឆ្នាំ២០២៣ ដោយបានគ្របដណ្ដប់លើ ផ្ទៃដីប្រមាណ ២៨ ០០០ គីឡូម៉ែត្រការ៉េ ក្នុងនោះមានប្រជុំកោះធម្មជាតិជាង ៩០ កន្លែង តំបន់ឆ្នេរខ្សាច់សមុទ្រ តំបន់ភ្នំភ្លើងស្ងប់ តំបន់វាលខ្សាច់ តំបន់ភ្នំ Canyon និងតំបន់វប្បធម៌ប្រវត្តិសាស្ត្រ ផ្សេងទៀត។ គិតមកត្រឹមចុងឆ្នាំ ២០២៤ យើងបានឃើញផ្នែកខ្លះ កំពុងលេចរូបរាងជាបណ្ដើរៗ ខណៈគម្រោងទាំងមូល នឹងបញ្ចប់នៅត្រឹមឆ្នាំ២០៣០ ដែលរួមមាន សណ្ឋាគារចំនួន ៥០ កន្លែង មានសរុប ៨ ០០០ បន្ទប់ និងមានលំនៅដ្ឋានសរុប ១ ០០០ យូនីត ព្រមទាំងអាកាសយានដ្ឋានអន្តរជាតិថ្មី ១ កន្លែង។
១. តំបន់អភិវឌ្ឍន៍ដោយ AMAALA
ក្រុមហ៊ុន AMAALA នឹងអភិវឌ្ឍកន្លែងសម្រាកលំហែកាយ និងទីលានកីឡាប្រណិតបំផុតមួយលើ ពិភពលោក ដែលរួមមាន៖ Triple Bay ជាទីលាននាវាទេសចរណ៍អន្តរជាតិ, ទីលានវាយកូនហ្គោល, ទីលានប្រណាំងសេះ ទីលានប្រណាំងអូដ្ឋ, កន្លែងហ្វឹកហាត់កីឡា, ភូមិវប្បធម៌ វិចិត្រសាលតាំងបង្ហាញ សិល្បៈសហសម័យអារ៉ាប់ និងអន្តរជាតិ។ លើសពីនេះ តំបន់នោះ មានសណ្ឋាគារសរុប ៦ កន្លែង មានជាង ១ ០០០ បន្ទប់ នឹងបញ្ចប់នៅត្រឹមឆ្នាំ ២០២៧ និងទីតាំងលក់រាយចំនួន ២០០ កន្លែង។
២. អាកាសយានដ្ឋានអន្តរជាតិ Red Sea International Airport
អាកាសយានដ្ឋានអន្តរជាតិ RSI នេះ គឺជាអាកាសយានដ្ឋានតែមួយគត់ នៅមជ្ឈឹមបូព៌ា ដែលទទួលយន្ដហោះលើទឹក (Sea plane) ភ្ជាប់ពីស្ថានីយ៍កំពង់ផែ មកស្ថានីយ៍ផ្លូវអាកាស ដោយរំពឹងទទួលបានអ្នកដំណើរ ១ លាននាក់ក្នុងដំណាក់កាលទី១។ លើសពីនេះ អាកាសយានដ្ឋានសមុទ្រក្រហមនេះ ប្រើប្រាស់បច្ចេកវិទ្យាថ្មីលើលិខិតឆ្លងដែន ងាយស្រួលសម្រាប់ការមកដល់ និងការចាកចេញ ហើយក៏មិនចាំបាច់រងចាំយកវ៉ាលី ឬឥវ៉ាន់ដែរ ព្រោះថាអាកាសយានដ្ឋានមានសេវាកម្មដឹកជញ្ជូនទៅកាន់ សណ្ឋាគារដែលអ្នកដំណើរស្នាក់នៅផ្ទាល់។
៣. តំបន់ប្រជុំកោះផ្សេងៗទៀតជាង ៩០ កន្លែង
ប្រជុំកោះ Shura Islands ជាតំបន់សម្រាប់អភិវឌ្ឍសណ្ឋាគារ និងរីសតលំដាប់ពិភពលោកចំនួន ១១ វិនិយោគដោយក្រុមហ៊ុន Raffles, Jumeirah, Rosewood, Grand Hyatt, Intercontinental, Miraval, Fairmont, SLS និង Edition -ល-។ ក្នុងតំបន់សណ្ឋាគារទាំងនោះ នឹងមានតំបន់ឆ្នេរខ្សាច់ស តំបន់អភិរក្សសត្វសមុទ្រ តំបន់ផ្កាថ្មធំលំដាប់ទី៤ លើលោក សាងសង់ទីលានវាយកូនហ្គោល ១៨ រន្ធ និងកសាងស្ពានតភ្ជាប់ មកដីគោក មានប្រវែងជាង ៣,៣ គីឡូម៉ែត្រ។
ប្រជុំកោះ Ummahat Islands រចនាប្លង់ដោយក្រុមហ៊ុន Foster + Partners មានសណ្ឋាគារ St. Regis Red Sea Resort ជាទីតាំងសម្រាប់ជិះទូកខ្យល់ កាយ៉ាក់ អាងហែលទឹកធំ និងនាវាកម្សាន្ដ ទស្សនាថ្កាថ្ម ឆ្នេរខ្សាច់ តំបន់ព្រៃកោងកាង ភោជនីយដ្ឋានលើទឹក កន្លែងសម្រាកលំហែកាយប្រណិត។
ប្រភព៖ Arabian Business