អគារកម្ពស់ ៣៨០ ម៉ែត្រ ប៉ុន្តែទទឹងត្រឹមជាង ២២ ម៉ែត្រ នឹងលេចរូបរាងឡើង កណ្ដាលទីក្រុងឌូបៃ


អគារខ្ពស់មួយ មានឈ្មោះថា The Muraba Veil នឹងក្លាយទៅជាអគារខ្ពស់ មានទទឹងស្ដើងបំផុត នៅទីក្រុងឌូបៃ និងស្ដើងបំផុតមួយលើលោក ដែលមានប្រវែងទទឹងត្រឹម ២២,៥ ម៉ែត្រ ប្រហាក់ប្រហែល ប្រវែងផ្ទះល្វែងមួយប៉ុណ្ណោះ ប៉ុន្តែសង់ឡើងខ្ពស់ដល់កម្ពស់ ៣៨០ ម៉ែត្រ ជាសំណង់អគារដ៏ទាក់ទាញមួយ នៅលើវិថី Sheikh Zayed Road។

គម្រោងអគារខ្ពស់ស្ដើងនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Muraba និងរចនាប្លង់ដោយក្រុមហ៊ុន RCR Arquitectes ជាក្រុមហ៊ុនឈ្នះពានរង្វាន់រចនា Nobel of architecture ពី The Prestigious Pritzker Prize នៅប្រទេសអេមីរ៉ាត អារ៉ាប់រួម។ នេះជាលើកទី៥ ហើយដែលក្រុមហ៊ុនទាំង ២ បានសហការគ្នា លើការអភិវឌ្ឍន៍អគារក្នុងទីក្រុងឌូបៃ។ យ៉ាងណាមិញ អគារ The Muraba Veil មានលក្ខណៈពិសេស ដោយសារតែកម្រាស់ដ៏ស្ដើង និងត្រូវប្រាកដថាសំណង់គ្រឹះ និងសណ្ឋានដី មានលក្ខខណ្ឌគ្រប់គ្រាន់ សម្រាប់ការសាងសង់ឡើងខ្ពស់ដល់ ៣៨០ ម៉ែត្រ។

អគារនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ ២០២៨ ដោយបម្រើជាអាផាតមិន និងលំនៅដ្ឋានប្រណិត (Penthouse) ដែលមានតម្លៃចាប់ពី ៤,៩ លានដុល្លារអាមេរិកឡើងទៅ ដោយអាផាតមិន នីមួយៗនឹងមានទទឹងប្រវែង ២២,៥ ម៉ែត្រតែម្ដង រចនាប្លង់ជាផ្ទះអារ៉ាប់ (Arabian House) មានទីធ្លារ Courtyard ផ្នែកខាងក្នុង ជាមួយលំហរបៃតង រចនាម៉ូដ និងរចនាពណ៌សាកសមបំផុត សម្រាប់ទីតាំង បរិយាកាស និងវប្បធម៌នៃទីក្រុងឌូបៃ។

សូមបញ្ជាក់ថា ឌូបៃ ជាទីក្រុងដែលសម្បូរ ទៅដោយអគារខ្ពស់ បើយោងតាមក្រុមប្រឹក្សា Tall Buildings and Urban Habitat បង្ហាញថា ទីក្រុងឌូបៃ មានអគារខ្ពស់លើស ៣០០ ម៉ែត្រ ច្រើនជាងគេបង្អស់លើលោក ហើយក៏ជាទីតាំងនៃអគារខ្ពស់បំផុតលើលោក គឺអគារ Burj Khalifa ដែលមានកម្ពស់ ៨២៨ ម៉ែត្រ និងត្រៀមស្វាគមន៍អគារ Burj Azizi ជាអគារខ្ពស់លំដាប់ទី២ លើលោក មានកម្ពស់ ៧២៥ ម៉ែត្រ នឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២៨ និងមានសំណង់អច្ឆរិយៈជាច្រើនទៀត។

 

ប្រភព៖ CNN Style