អន្តរជាតិ៖ ប្រទេសថៃកំពុងដាក់ឱ្យប្រើប្រាស់ បច្ចេកវិទ្យាសម្គាល់មុខ នៅអាកាសយានដ្ឋានធំៗចំនួនប្រាំមួយរបស់ខ្លួន ដែលអនុញ្ញាតឱ្យអ្នកដំណើរ ឆ្លងកាត់ដោយសុវត្ថិភាព និងមិនចាំបាច់បង្ហាញលិខិតឆ្លងដែន ឬលិខិតបញ្ជាក់ការមកដល់ (Boarding Pass) បន្ទាប់ពីការផ្ទៀងផ្ទាត់ អត្តសញ្ញាណដំបូង រួចរាល់។
យោងតាមប្រភពពី Thai.news បានឲ្យដឹងថា ចាប់ពីថ្ងៃទី ១ខែវិច្ឆិកា ខាងមុខនេះទៅ សម្រាប់ជើងហោះហើរក្នុងស្រុក និងចាប់ពីថ្ងៃទី ១ខែធ្នូ សម្រាប់ជើងហោះហើរអន្តរជាតិ គឺអ្នកធ្វើដំណើរ នឹងអាចចុះឈ្មោះទិន្នន័យជីវមាត្រ (Biometric data) របស់ពួកគេ នៅពេល Check-in ដោយនឹងសម្រួលដំណើរការ ឡើងយន្តហោះពីការដាក់ឥវ៉ាន់ រហូតដល់ច្រកទ្វារ។
ប្រព័ន្ធនេះនឹងមាន ដាក់នៅតាម អាកាសយានដ្ឋានសុវណ្ណភូមិ ដុនមឿង ឈៀងម៉ៃ ម៉ែហ្វាហ្លួង/ឈៀងរ៉ៃ ភូកេត និងហាតយ៉ៃ ដែលអាកាសយានដ្ឋានទាំងអស់នេះ ត្រូវបានកំពុងមើលឃើញការកើនឡើង ចំនួនអ្នកដំណើរ ជាប្រចាំ។
បន្ថែមពីនេះដែរ អាជ្ញាធរអាកាសយានដ្ឋានថៃរំពឹងថា បច្ចេកវិទ្យាថ្មីនេះ នឹងពង្រឹងប្រសិទ្ធភាព ភាពងាយស្រួល និងចំណេញពេលវេលា ខណៈដែលចំនួនអ្នកធ្វើដំណើរ បន្តមានការកើនឡើង។
ប្រភព៖ thai.news & Seasia . co