ប្រទេសចំនួន ៥ គ្មានអាកាសយានដ្ឋានទេ ប៉ុន្តែជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ


អាកាសយានដ្ឋានអន្តរជាតិ ជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ បម្រើវិស័យទេសចរណ៍អន្តរជាតិ វាជាការពិត ប៉ុន្តែមិនទាំងស្រុងទេ ព្រោះថាប្រទេសខ្លះ ជាគោលដៅទេសចរណ៍ បែបនាវាសមុទ្រ ខ្លះទៀតជាប្រទេសតំបន់ភ្នំខ្ពស់ មិនអាចចុះចតយន្ដហោះបាន។ យ៉ាងណាមិញ ប្រទេសតូចៗចំនួន ៥ ខាងក្រោមនេះ មិនមានអាកាសយានដ្ឋានអន្តរជាតិនោះទេ ហើយសុទ្ធសឹងជា គោលដៅទេសចរណ៍សំខាន់ៗ នៅទ្វីបអឺរ៉ុប ដោយភាគច្រើនទទួលបាន ភ្ញៀវទេសចរអន្តរជាតិ តាមរយៈព្រំដែនប្រទេសជិតខាង។ នេះក៏ត្រូវអរគុណដល់សហភាពអឺរ៉ុប ជាសហគមប្រទេសសម្ព័ន្ធមិត្ត លុបចេញនូវរនាំងទិដ្ឋការ (VISA) និងអាចចេញ-ចូលប្រទេសណាមួយ ស្ទើរតែគ្មានលក្ខខណ្ឌ។

១. បុរីវ៉ាទីកង់ (Vatican City)

ជាប្រទេសឯករាជ្យតូចបំផុត នៅលើពិភពលោក មានផ្ទៃដីសរុបត្រឹមតែ ០,៤៩ គីឡូម៉ែត្រការ៉េ ជាទីតាំងដ៏សំខាន់ សម្រាប់ប្រវត្តិសាស្ត្រសាសនាកាតូលិក ស្ថិតនៅកណ្ដាលទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ភ្ញៀវទេសចរអន្តរជាតិ អាចមកកាន់បុរីវ៉ាទីកង់ បានតាមរយៈ Leonardo da Vinci-Fiumicino Airport ឬគេស្គាល់ថា Rome Fiumicino Airport នៅទីក្រុងរ៉ូម ដែលមានចម្ងាយត្រឹម ៣០ គីឡូម៉ែត្រ ពីបុរីវ៉ាទីកង់។

២. ប្រទេសម៉ូណាកូ (Monaco)

ប្រទេសនេះ ល្បីល្បាញដោយសារកាស៊ីណូ ជាតំបន់សម្រាប់នាវាលំហែកាយ (Yacht) និងព្រឹត្តិការណ៍ឡានប្រណាំង Grand Prix -ល- ធ្វើអោយប្រទេសនេះ ប្រៀបដូចជាឋានសួគ៌លំហែកាយ សម្រាប់អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ ប្រទេសម៉ូណាកូ គ្មានអាកាសយានដ្ឋានទេ ដូចនេះ ដើម្បីអាចទៅដល់ប្រទេសនោះ យើងត្រូវប្រើប្រាស់អាកាសយានដ្ឋាន Nice Cote d’Azur Airport ចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រ ពីប្រទេសបារាំង។

៣. ប្រទេសលីចតេនស្ទីន (Liechtenstein)

ប្រទេសដ៏តូចគ្មានច្រកសមុទ្រ ស្ថិតនៅចន្លោះរវាងប្រទេសស្វីស និងប្រទេសអូទ្រីស មានផ្ទៃដីទំហំត្រឹម ១៦០ គីឡូម៉ែត្រការ៉េ ប្រទេស Liechtenstein ល្បីល្បាញដោយសារមាន ទេសភាពភ្នំដ៏ស្រស់ស្អាត និងប្រាសាទរចនាបថ Medieval។ Liechtenstein ក៏ស្ថិតក្នុងចំណោម ប្រទេសអ្នកមានបំផុតមួយ នៅអឺរ៉ុបផងដែរ ប៉ុន្តែប្រទេសនេះ គ្មានអាកាសយានដ្ឋាននោះទេ ដូចនេះ ភ្ញៀវទេសចរអន្តរជាតិ អាចធ្វើដំណើរតាមអាកាសយានដ្ឋាន Zurich Airport ប្រទេសស្វីស ដែលមានចម្ងាយប្រមាណ ១៣០ គីឡូម៉ែត្រ។

៤. ប្រទេស សាន់ម៉ារីណូ (San Marino)

San Marino ជាប្រទេសសាធារណរដ្ឋ ដ៏ចំណាស់បំផុតមួយលើលោក ហ៊ុមព័ន្ធដោយប្រទេសអ៊ីតាលី និងមានផ្ទៃដីត្រឹម ៦១ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ។ នេះគឺជាប្រទេសតូចបំផុត លំដាប់ទី៥ លើលោក ប៉ុន្តែជាប្រទេសអ្នកមានលំដាប់ទី៨ លើពិភពលោក នៅឆ្នាំ២០២៤។ ប្រទេស San Marino គ្មានអាកាសយានដ្ឋានទេ ដោយភ្ញៀវទេសចរអន្តរជាតិ អាចឆ្លងកាត់តាម ព្រលានយន្ដហោះ Federico Fellini International Airport នៅទីក្រុង Rimini ប្រទេសអ៊ីតាលី ដែលមានចម្ងាយត្រឹម ២៥ គីឡូម៉ែត្រប៉ុណ្ណោះ។

៥. ប្រទេសអង់ដូរ៉ា (Andorra)

អង់ដូរ៉ា ជាប្រទេសគ្មានច្រកសមុទ្រទេ ស្ថិតនៅតំបន់ភ្នំ Pyrenees ចន្លោះរវាងប្រទេសបារាំង និងអេស្ប៉ាញ។ ប្រទេសនេះ ជាទីតាំងដ៏ពេញនិយម សម្រាប់ជិះស្គីទឹកកក ទិញទំនិញតាមផ្សារទំនើប ដោយគ្មានពន្ធ និងមានទេសភាពស្អាត សម្រាប់អ្នកឡើងភ្នំ។ យ៉ាងណាមិញ ប្រទេសអង់ដូរ៉ា គ្មានអាកាសយានដ្ឋានទេ ដោយភ្ញៀវទេសចរ ត្រូវហោះតាមអាកាសយានដ្ឋាន Toulouse-Blagnac Airport នៅប្រទេសបារាំង ឬក៏អាកាសយានដ្ឋាន Barcelona-El Prat Airport នៅប្រទេសអេស្ប៉ាញ ដែលមានចម្ងាយ ១៥០ គីឡូម៉ែត្រដូចគ្នា។

 

ប្រភព៖ Times of India