ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាស ឈានមុខគេទាំង ៥ លើពិភពលោក


ការដឹកជញ្ជូនតាមផ្លូវអាកាស នៅតែដើរតួនាទីយ៉ាងសំខាន់ បម្រើច្រវ៉ាក់ផលិតកម្ម គិតចាប់ពីគ្រឿងបង្គុំអេឡិចត្រូនិក រហូតដល់ឱសថ ដោយសារការដឹកជញ្ជូនតាមផ្លូវអាកាស អាចដល់គោលដៅបានរហ័ស ល្អបំផុតសម្រាប់ដឹកទំនិញបន្ទាន់ ផ្គត់ផ្គង់ដល់ការប្រើប្រាស់សកល។ ខាងក្រោមនេះ គឺជាក្រុមហ៊ុនដឹកជញ្ជូនធំៗទាំង ៥ នៅលើពិភពលោក ដែលឈានមុខគេ លើសេវាកម្មដឹកជញ្ជូន ចំនួនជើងហោះហើរ បរិមាណទំហំធំ និងគោលដៅនៃការដឹកជញ្ជូនលេចធ្លោជាងគេ។

១. ក្រុមហ៊ុន FedEx Express

FedEx Express គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ FedEx របស់សហរដ្ឋអាមេរិក ជាក្រុមហ៊ុនដឹកជញ្ជូនធំបំផុត លើសកលលោក ដែលមានយន្ដហោះដឹកជញ្ជូនជាង ៧០០ គ្រឿង បម្រើសេវាកម្មដឹកទំនិញ ផ្លូវអាកាសទៅកាន់ ២២០ ប្រទេសនិងគោលដៅ ដែលមានយន្ដហោះធុនធំដល់ Boeing 777F មានសមត្ថភាពហោះឆ្ងាយឆ្លងទ្វីប និងយន្ដហោះខ្នាតតូច Cessna 208 Caravan សម្រាប់ដឹកជញ្ចូនក្នុងតំបន់។ FedEx ក៏មានសាខានៅប្រទេសកម្ពុជាដែរ មានបម្រើកការដឹកជញ្ជូនជាង ៣,៣ លានប្រអប់ក្នុងមួយថ្ងៃ អាចទ្រទ្រង់ការដឹកជញ្ជូន ប្រភេទអីវ៉ាន់តូចទៅដល់ធំ អាចផ្ញើរទំនិញជុំវិញពិភពលោក តាមតម្រូវការរបស់អតិថិជន។

២. ក្រុមហ៊ុន UPS Airlines

ក្រុមហ៊ុនអាកាសចរណ៍ UPS Airlines មានមូលដ្ឋាននៅអាកាសយានដ្ឋាន Louisville WorldPort សហរដ្ឋអាមេរិច ដែលបម្រើការដឹកជញ្ជូនជាង ៤០០ ០០០ កញ្ចប់ក្នុងមួយម៉ោង មានយន្ដហោះជាង ២៩០ គ្រឿង ចាប់ពី Boeing 747-8F, 757-200F និង MD-11 Freighters ហោះហើរទៅកាន់ ២២០ ប្រទេសនិងតំបន់ ដែលរួមមាន អាមេរិក អឹរ៉ុប និងអាស៊ី ហើយក៏មានមូលដ្ឋានធំៗ សម្រាប់ចែកចាយទំនិញនៅទីក្រុង Hong Kong, Miami និង Cologne ផងដែរ។

៣. ក្រុមហ៊ុន Emirates SkyCargo

Emirates SkyCargo ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Emirates មានមូលដ្ឋាននៅអាកាសយានដ្ឋាន Dubai International Airport ជាក្រុមហ៊ុនដឹកជញ្ជូនទំនិញ ធំបំផុតនៅក្នុងតំបន់មជ្ឈឹមបូព៌ា ចែកចាយទៅកាន់អឺរ៉ុប អាស៊ី អាហ្វ្រិក អាមេរិក អូស្ត្រាលី -ល-។ ក្រុមហ៊ុននេះ បម្រើការដឹកជញ្ជូនទៅកាន់ ១៥០ ប្រទេសនិងគោលដៅ គ្របដណ្ដប់លើទ្វីបចំនួន ៦ និងមានយន្ដហោះធុនធំដល់ Boeing 777 Freighters ដែលអាចហោះហើរឆ្លងទ្វីប និងហោះហើររយៈចម្ងាយឆ្ងាយ ហើយល្បីល្បាញ សម្រាប់ការដឹកជញ្ជូនឱសថ។

៤. ក្រុមហ៊ុន Qatar Airways Cargo

Qatar Airways Cargo ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Qatar Airways ដែលមានយន្ដហោះ ដឹកទំនិញធុនធំចំនួន ៣០ គ្រឿងរួមមាន Boeing 777F, Boeing 747-8F និង Airbus A330F ដែលមានសមត្ថភាព ដឹកជញ្ជូនទំនិញ ២,៨ លានម៉ែត្រតោន ក្នុងមួយឆ្នាំ ដែលហោះហើរទៅកាន់ចំនួន ១៥០ គោលដៅជុំវិញពិភពលោក។ ក្រុមហ៊ុននេះ មានមូលដ្ឋាននៅអាកាសយានដ្ឋាន Hamad International Airport ហើយក៏ជាក្រុមហ៊ុន ដឹកជញ្ជូនល្បីល្បាញ ដែលបញ្ចេញឧស្ម័នពុលតិចតួច ជាក្រុមហ៊ុន Eco-friendly បំផុតដែលហោះហើរលើអាកាស។

៥. ក្រុមហ៊ុន Cathay Pacific Cargo

Cathay Pacific Cargo ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Cathay Pacific និងជាក្រុមហ៊ុនដឹកជញ្ជូនទំនិញ តាមផ្លូវអាកាសធំបំផុតមួយនៅអាស៊ី ដោយមានមូលដ្ឋាននៅអាកាសយានដ្ឋាន Hong Kong International Airport បម្រើការដឹកជញ្ជូនជុំវិញ តំបន់អាស៊ី-ប៉ាស៊ីហ្វិក អាមេរិកខាងជើង និងអឺរ៉ុប។ ក្រុមហ៊ុននេះ បម្រើការដឹកជញ្ជូនទំនិញប្រមាណ ២,៦ លានតោន ក្នុងមួយឆ្នាំ ដោយភាគច្រើនគឺជាទំនិញបែប e-commerce និងផលិតផលឱសថសាស្ត្រ។

 

ប្រភព៖ Simple Flying