ផ្លូវល្បឿនលឿន ភ្នំពេញ-ហូជីមិញ នឹងអាចសម្រេច ១០០% នៅត្រឹមឆ្នាំ២០២៧


ផ្លូវល្បឿនលឿន ភ្នំពេញ-ហូជីមិញ ត្រូវបានភាគីរដ្ឋាភិបាលទាំងពីរប្រទេស សហការគ្នា ដើម្បីតភ្ជាប់ការធ្វើដំណើររហ័ស រវាងទីក្រុងធំៗទាំងពីរ ដើម្បីធានាការតភ្ជាប់ផ្លូវតំបន់អាស៊ាន (ASEAN Connect) ពង្រីកពាណិជ្ជកម្មទ្វេភាគី ជំរុញវិស័យទេសចរណ៍អន្តរជាតិ បង្កើនសុវត្ថិភាពដល់ការធ្វើដំណើរ ចំណេញពេលវេលា ព្រមទាក់ទាញការវិនិយោគ លើវិស័យភស្ដុភារកម្ម និងកាត់បន្ថយបញ្ហាខូចខាតផ្លូវជាតិផងដែរ។

ផ្លូវលឿនលឿនភ្នំពេញ-ហូជីមិញ មានប្រវែងសរុបប្រមាណ ១៨៦ គីឡូម៉ែត្រ ដោយភាគីកម្ពុជា កំពុងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានប្រវែង ១៣៥ គីឡូម៉ែត្រ ចំណែកភាគីវៀតណាម នឹងសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ មានប្រវែង ៥១ គីឡូម៉ែត្រ។ ផ្លូវល្បឿនលឿនភ្នំពេញ-ហូជីមិញ នឹងកាត់បន្ថយ ការធ្វើដំណើររវាងទីក្រុងទាំងពីរ មកត្រឹមរយៈពេលជាង ២ ម៉ោងប៉ុណ្ណោះ ជំនួសអោយការធ្វើដំណើរតាមផ្លូវជាតិលេខ១ (ប្រទេសកម្ពុជា) និងផ្លូវជាតិលេខ២២ (ប្រទេសវៀតណាម) ត្រូវចំណាយពេលជាង ៦ ម៉ោង ក្នុងរយៈចម្ងាយសរុប ២៣២ គីឡូម៉ែត្រ។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានចាប់ផ្ដើមតាំងពីខែមិថុនា ឆ្នាំ២០២៣ ដោយត្រូវបានវិនិយោគសាងសង់ ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដោយចំណាយថវិកាប្រមាណ ១,៣៥ ពាន់លានដុល្លារ ចាប់ផ្ដើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល ទៅដល់ក្រុងបាវិត ខេត្តស្វាយរៀង ប្រើពេលសាងសង់ ៤៨ ខែដើម្បីបញ្ចប់។ ដោយឡែក ប្រទេសវៀតណាម នឹងសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ ដែលចាប់ផ្ដើមពី Hoc Mon District ទីក្រុងហូជីមិញ រហូតមកដល់ព្រំដែនម៉ុកបៃ ខេត្តតៃនិញ ដោយចំណាយថវិកាសាងសង់ប្រមាណ ៧៨៨ លានដុល្លារ ចាប់ផ្ដើមពីការសាងសង់ផ្លូវ ៤ គន្លងក្នុងដំណាក់កាលទី១ និងពង្រីកទៅ ៦ គន្លង ក្នុងដំណាក់កាលទី២។

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ម៉ុកបៃ-ហូជីមិញ នឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុង នៅត្រឹមឆ្នាំ២០២៧ ខាងមុខនេះ នឹងក្លាយទៅជា ផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការធ្វើដំណើរ ពិសេសការដឹកជញ្ជូនទំនិញពាណិជ្ជកម្មឆ្លងកាត់ព្រំដែនទ្វេភាគី ការដឹកជញ្ជូនទំនិញកម្ពុជា តាមកំពង់ផែហូជីមិញ ផ្លូវសម្រាប់ទេសចរណ៍រវាងទីក្រុងទាំងពីរ និងការតភ្ជាប់ផ្លូវហាយវ៉េ ក្នុងក្របខណ្ឌអាស៊ាន និងមហាអនុតំបន់ ទន្លេមេគង្គជាដើម។

 

ប្រភព៖ ក្រសួងសាធារណៈការនិងដឹកជញ្ជូន + VN Express