សៀមរាប៖ យោងតាមព័ត៌មានដែលទទួលបាន ពីអាជ្ញាធរជាតិអប្សរា ដែលបានចុះផ្សាយនៅថ្ងៃទី ១៩វិច្ឆិកានេះ បានឲ្យដឹងថា ប្រព័ន្ធបង្ហូរទឹកបុរាណ ជាចម្លាក់សត្វមករ ដែលអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលដំណាក់កាលទី១ នាពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ នាពេលថ្មីៗនៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ជាក់ស្តែង វិស្វករនៃអាជ្ញាធរជាតិអប្សរា អ្នកស្រី បឿត សុប៉ាក បានឱ្យដឹងថា ការងារជួសជុលប្រព័ន្ធបង្ហូរទឹកចម្លាក់សត្វមករ ក្នុងដំណាក់កាលទី១ មានប្រវែង១៨ម៉ែត្រ។ ដើម្បីជួសជុលប្រព័ន្ធបង្ហូរទឹក នៃចម្លាក់សត្វមករនេះឡើងវិញ ក្រុមការងារបាន សម្រង់ប្លង់ថ្មរាយប៉ាយ កំណាយស្រាវជ្រាវ ចុះបញ្ជីថ្ម ជួសជុលពង្រឹងថ្មដែលខូចខាត និងរៀបចំដងខ្លួនសត្វមករ តាមលំនាំដើមឡើងវិញ។ លើសពីនេះ ក្រុមការងារបានសិក្សាគ្រឹះធ្វើយ៉ាងណា ឱ្យចម្លាក់សត្វមករនេះ រឹងមាំយូរអង្វែង ដោយការពារនូវ ការហូរច្រោះនៃទឹក ដែលជាបញ្ហាចម្បងនៃការបំផ្លាញ រចនាសម្ព័ន្ធនៃចម្លាក់ សត្វមករកទាំងមូល។
អ្នកជំនាញរូបនេះ រម្លឹកថា មុនជួសជុលស្ថានភាព នៃចម្លាក់សត្វមករ ថ្មនៃដងខ្លួនបានចល័តចេញពី ទីតាំងដើម នៅរាយប៉ាយជាមួយ ថ្មធម្មជាតិ លែងមានតួនាទីជា ប្រព័ន្ធបង្ហូរបន្តទៀត ដោយសារកត្តាអាយុកាល ពុំមានការថែទាំ ជាពិសេសការហូរច្រោះ នៃទឹកបំផ្លាញគ្រឹះ និងរំកិលថ្មធម្មជាតិ ដែលទ្រដងខ្លួនមករជាដើម។
ប៉ុន្តែ បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុល លើកតម្លៃចម្លាក់សត្វមករទោល ដែលមានទំហំធំ និងកម្របានរួចរាល់ឡើងវិញ ដោយភ្ញៀវទេសចរ អាចមកទស្សនាស្វែងយល់បាន។ ក្រៅពីទំនប់ទឹកមុជ និងចម្លាក់សត្វមករ ទីនេះក៏មានការដ្ឋានយកថ្ម ទៅកសាងប្រាសាទនៅសម័យបុរាណផងដែរ។
ដោយឡែក ស្របពេលជាមួយការជួសជុល ចម្លាក់សត្វមករនេះ អាជ្ញាធរជាតិអប្សរា បានរៀបចំកែសម្រួលផ្លូវចូលមកទីតាំងនេះ អាចធ្វើដំណើរបាន ដោយងាយស្រួលដែរ។
គួររម្លឹកដែរថា ចម្លាក់សត្វមករ មានទីតាំងនៅទំនប់ទឹកមុជ ជាទំនប់ទឹកបុរាណ ស្ថិតនៅក្នុងភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប នាជ្រុងនិរតីចម្ងាយប្រមាណ ៣គីឡូម៉ែត្រពីប្រាសាទបេងមាលា។
ប្រភព៖ អាជ្ញាធរជាតិអប្សរា