រដ្ឋាភិបាលម៉ាឡេស៊ី និងរដ្ឋាភិបាលថៃ យល់ព្រមសហការគ្នា ដើម្បីសាងសង់ជញ្ជាំងព្រំដែនរវាង រដ្ឋ Kelantan ប្រទេសម៉ាឡេស៊ី និងខេត្ត Narathiwat ប្រទេសថៃ ដើម្បីទប់ស្កាត់ ការឆ្លងដែនខុសច្បាប់ ការរត់ពន្ធទំនិញ និងការពារទឹកជំនន់នៃទន្លេ Golok River ដោយរំពឹងអាចដោះស្រាយ បញ្ហាប្រឈមនានា មិនមែនសំដៅ លើភាពតានតឹងនយោបាយ និងទំនាក់ទំនង ប្រទេសទាំងពីរឡើយ។
ជញ្ជាំងនៃព្រំដែនប្រទេសទាំង ២ កំពុងប្រឈមបញ្ហាមួយចំនួនដូចជា ការរត់ពន្ធទំនិញខុសច្បាប់ ដោយថ្មីៗនេះមន្ត្រីគយម៉ាឡេស៊ី ចាប់បានបារីនាំចូលខុសច្បាប់ប្រមាណ ៦,២ លានកញ្ចប់ មានតម្លៃ ៤,២ លានរីងហ្គីត ឬស្មើនឹងជិត ១ លានដុល្លារ ព្រមទាំងការឆ្លងដែនដោយខុសច្បាប់តាមផ្លូវទឹកទន្លេ Golok River និងមានបញ្ហាគ្រោះទឹកជំនន់ មកពីទន្លេ Golok ហូរមកកាន់តំបន់ប្រជុំជន Rantau Panjang ប្រទេសម៉ាឡេស៊ី កើតឡើងជារឿងៗផងដែរ។
រដ្ឋាភិបាលម៉ាឡេស៊ី បានសុំកិច្ចសហការពី ភាគីប្រទេសថៃ ដើម្បីទប់ស្កាត់នូវបញ្ហាទាំងអស់នោះ ដោយរៀបចំសាងសង់ជញ្ជាំងព្រំដែន ត្រង់ចំណុចដែនដីម៉ាឡេស៊ី ដោយជញ្ជាំងនេះ មានប្រវែងជិត ១០០ គីឡូម៉ែត្រ និងត្រូវចំណាយថវិកាទិញដីធ្លីពីប្រជាពលរដ្ឋ សម្រាប់សាងសង់ជញ្ជាំងនេះ ប្រមាណ ៤៤៥ លានរីងហ្គីត ឬប្រហែលនឹង ៩៩, ៥ លានដុល្លារ។
លោក Mohamed Fadzli Hassan ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអោយដឹងថា ភាគីរដ្ឋាភិបាលថៃ បានឯកភាព លើគម្រោងសាងសង់ជញ្ជាំងព្រំដែននេះ រួចរាល់ហើយ នៅរង់ចាំតែការអនុម័តពី នាយរដ្ឋមន្ត្រីម៉ាឡេស៊ីប៉ុណ្ណោះ។
យ៉ាងណាមិញ ការសាងសង់ជញ្ជាំងព្រំដែន ជាមួយថៃទាំងស្រុង នៅមិនទាន់អាចទៅរួចនៅឡើយទេ ព្រោះថាប្រទេសទាំង ២ មានព្រំដែនគោកជាប់គ្ នាវែងខ្លាំងណាស់ ហើយការសង់ជញ្ជាំងថ្មីនេះ នឹងអាចទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងរត់ពន្ធទំនិញ បញ្ជៀសបានត្រឹមតែក្នុងរដ្ឋ Kelantan នេះប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់ជញ្ជាំងព្រំដែនរឹង ជាមួយប្រទេសថៃ មានឆ្លងកាត់ខេត្តថៃចំនួន ៣ ខេត្តរួចមកហើយ គឺមាននៅខេត្ត Satun ខេត្ត Songkhla និងខេត្ត Yala ដោយជញ្ជាំងខ្លះត្រូវបាន សហការប្រទេសទ្វេភាគី រវាងម៉ាឡេស៊ី-ថៃ និងជញ្ជាំងខ្លាំងទៀត បានសាងសង់ដោយ ឯកតោភាគី ម៉ាឡេស៊ីប៉ុណ្ណោះ។
ប្រភព៖ The Star Malaysia