រាជធានីដំបូង «មហេន្ទ្របវ៌ត» ក្នុងសម័យអាណាចក្រខ្មែរ ត្រូវបានគេរកឃើញនៅជួរភ្នំគូលេន!

នៅក្នុងសម័យអាណាចក្រខ្មែរ ចាប់ពីសតវត្សទី ៩ ដល់ទី ១៥ គឺជាសម័យកាលដ៏រុងរឿងបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា និងមានអរិយធម៌ល្បីល្បាញបំផុតនៅអាស៊ីអាគ្នេយ៍ ដែលចាប់ផ្ដើមឡើង ក្រោមការគ្រងរាជរបស់ព្រះមហាក្សត្រ ព្រះបាទជ័យរវ្ម័នទី ២ បន្ទាប់ពីទ្រង់ត្រលប់មកពីកោះជ្វា (ប្រទេសឥណ្ឌូនេស៊ី បច្ចុប្បន្ន គេដាក់ព្រះនាមព្រះអង្គថាជា ក្សត្រលើសក្សត្រ ឬ King of Gods) បានប្រកាសរាជ្យ នៅសតវត្សទី ៩ (គ្រឹស្ដសករាជ ៨០២) រហូតដល់អាណាចក្រខ្មែរឡើងដល់កម្រិតកំពូលនៅសតវត្សទី ១២ ពេលដែលមានរាជធានីនៅក្រុងអង្គរ (យសោធរបុរៈ) ក្រោមការគ្រងរាជរបស់ព្រះបាទជ័យវរ្ម័នទី ៧។ 

ក្នុងសម័យនោះ ក្សត្រខ្មែរបានផ្លាស់ប្ដូររាជធានីជាច្រើនកន្លែង ជាក់ស្ដែង យើងមានរាជធានី «ហរិហរាល័យ», រាជធានី «យសោធរបុរៈ», រាជធានី «កោះកេរ្តិ៍», និងរាជធានីដំបូងគឺ «មហេន្ទ្របវ៌ត» ដែលត្រូវបានគេរកឃើញនៅជួរភ្នំគូលេននេះតែម្ដង។ 

រាជធានី «មហេន្ទ្របវ៌ត» ត្រូវបានគេជឿថាគឺជារាជធានីដំបូងនៃការចាប់ផ្ដើមនៃអាណាចក្រខ្មែរ (សតវត្សទី ៩ ដល់សតវត្សទី ១៥) ក្រោមការស្ថាបនារបស់ព្រះបាទជ័យវរ្ម័នទី ២ តាមរយៈការសិក្សាលើសិលាចារឹកដែលបានកត់ទុក មុនពេលដែលមានការផ្លាស់ប្តូរតាំងរាជធានីនៅ «ហរិហរាល័យ»។ រាជធានី «មហេន្ទ្របវ៌ត» មានចម្ងាយប្រហែល ៤៨ គីឡូម៉ែត្រភាគខាងជើងពីក្រុងសៀមរាបបច្ចុប្បន្ន ស្ថិតនៅជួរភ្នំគូលេនដែលជាទីដាច់ស្រយាលមួយស្រោបទៅដោយរុក្ខជាតិយ៉ាងក្រាស់ និងជាទីបង្កប់គ្រាន់មីនយ៉ាងច្រើនផងដែរ នៅក្នុងសម័យខ្មែរក្រហម ទសវត្សទី ៧០ ដែលធ្វើឲ្យរាជធានីនេះ បានបាត់បង់កប់នៅក្នុងព្រៃ ពុំសូវមានអ្នកស្គាល់និងសិក្សាស្រាវជ្រាវឡើយ។ 

ការរកឃើញរាជធានី «ហេន្ទ្របវ៌ត» ដែលបាត់បង់នេះ គឺជាលទ្ធនៃការស្រាវជ្រាវរបស់ក្រុមប្រឹក្សាស្រាវជ្រាវអឺរ៉ុប European Research Council (ERC) និង Archaeology and Development Foundation តាមរយៈការស្កេនកាំរស្មីឡេសឺពីលើអាកាស ហៅថា LiDAR (Light Detection and Ranging)។ ការស្រាវជ្រាវនេះ ត្រូវបានធ្វើឡើង ២ ដំណាក់កាល ដោយនៅឆ្នាំ ២០១២ គេបានស្កេននៅក្នុងទំហំ ៣៧ គីឡូម៉ែត្រការ៉េ និងឆ្នាំ ២០១៥ គេបានស្កេនតំបន់ទាំងមូលទំហំ ៩៧៥ គីឡូម៉ែត្រការ៉េ ហើយបានរកឃើញរាជធានីនេះ សម្គាល់ឃើញថាវាមានអាយុកាលចន្លោះពី ៩០០ ទៅដល់ ១,៤០០ ឆ្នាំឯណោះ ដោយមានទម្រង់នៃការសាងសង់ដូចនៅរាជធានីអង្គរដែរ ដូចជាមានប្រព័ន្ធធារាសាស្ត្រដែលមិនទាន់សាងសង់រួច, ទីសក្ការៈបូជា, ត្រពាំង, មានជញ្ជាំងប្រាសាទ, មានរាជវាំង ថែមទាំងមានប្រាសាទពីរ៉ាមីតដ៏ធំមួយទៀតផង ទើបគេអាចសន្និដ្ឋាននេះនេះគឹជារាជធានីដែលប្លែកមានតែមួយគត់ (Totally Unique)។ 

នៅក្នុងប្លង់ផែនទីដែលគេបានគូសនោះ រាជធានី «ហេន្ទ្របវ៌ត» នេះមានទំហំ ៤០ x ៥០ គីឡូម៉ែត្រការ៉េ ដែលនេះអាចជារាជធានីធំជាងគេបង្អស់ ព្រោះក្នុងសម័យអង្គររាជធានីមានទំហំត្រឹមតែ ២២ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ។ ដូចនេះដើម្បីធ្វើការស្រាវជ្រាវឲ្យបានស៊ីជម្រៅ អ្នកជំនាញបុរាណវិទ្យាបានប៉ាន់ស្មានថា គេអាចប្រើពេលរហូតដល់ ១៥០ ឆ្នាំឯណោះ ព្រោះវាគឹជារាជធានីកំណើតនិងមានទំនាក់ទំនងច្រើន លើទឹកដីនៃអាណាចក្រអង្គរដែលបានលាតសន្ធឹងដល់មួយភាគធំនៃប្រទេសថៃ, ប្រទេសមីយ៉ាន់ម៉ា, ប្រទេសវៀតណាម, និងប្រទេសកម្ពុជាបច្ចុប្បន្ន។